(វ៉ាស៉ីនតោន)៖ បន្ទាប់ពីចិនប្រកាសឆ្លើយតប នឹងចំណាត់ការដាក់ពន្ធបន្ថែមរបស់សហរដ្ឋអាមេរិក លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា លោកមិនប្រញាប់ប្រញាល់ទេ ក្នុងជជែកជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ដើម្បីព្យាយាមបញ្ចៀសសង្គ្រាមពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៥។
ភាពតានតឹងផ្នែកពាណិជ្ជកម្មជាថ្មី រវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេរបស់ពិភពលោកទាំងពីរនេះទេ បង្កឡើងដោយសារតែការដាក់ពន្ធគយ ១០ភាគរយពីសហរដ្ឋអាមេរិក លើការនាំចូលទាំងអស់របស់ចិន។ ចិនបានប្រកាសកំណត់គោលដៅដាក់ពន្ធ លើការនាំចូលរបស់សហរដ្ឋអាមេរិក ហើយដាក់ក្រុមហ៊ុនជាច្រើនរួមទាំង Google ទៅក្នុងលទ្ធភាពដាក់ទណ្ឌកម្ម ជាការឆ្លើយតបនឹងវិធានការពន្ធរបស់លោក ត្រាំ។
នៅពេលត្រូវបានសាកសួរអំពីការឆ្លើយតបរបស់ចិន លោក ត្រាំ បាននិយាយនៅឯសេតវិមានថា «មិនអីទេ»។ រីឯអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់ Fox Business Network ថា លោកប្រធានាធិបតី ស៉ី បានទាក់ទងមកលោកប្រធានាធិបតី ត្រាំ ដើម្បីនិយាយអំពីរឿងនេះ ហើយប្រហែលជាចាប់ផ្តើមការចរចា។ ប៉ុន្តែត្រូវការកំណត់ពេលវេលាសិន។
គួរបញ្ជាក់ថា ការសន្ទនារវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីចិន ត្រូវបានគេមើលឃើញថា ជាគន្លឹះមួយដើម្បីបន្ធូរបន្ថយ ឬពន្យារពេលពន្ធគយដ៏មានសក្តានុពល ដូចការសន្ទនារវាងលោក ត្រាំ ជាមួយប្រធានាធិបតីម៉ិកស៉ីក និងនាយករដ្ឋមន្រ្តីកាណាដា កាលពីដើមសប្តាហ៍នេះដែរ៕