(ស្តុកខុល)៖ មនុស្សចំនួន១១នាក់ បានបាត់បង់ជីវិត ក្នុងករណីបាញ់ប្រហារ នៅមជ្ឈមណ្ឌលអប់រំសម្រាប់មនុស្សពេញវ័យ១កន្លែង ក្នុងប្រទេសស៊ុយអែត កាលពីថ្ងៃអង្គារ ទី៤ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប៉ូលិសស៊ុយអែត បាននិយាយថា ខ្មាន់កាំភ្លើង ទំនងជាស្ថិតក្នុងចំណោម អ្នកដែលបានស្លាប់ ក្នុងករណីបាញ់ប្រហារខាងលើ ដែល​បានកើតឡើង នៅសាលា Risbergska ក្នុងទីក្រុង Orebro ដែលជាមជ្ឈមណ្ឌលអប់រំ សម្រាប់មនុស្សពេញវ័យ ដែលមិនបានបញ្ចប់ការសិក្សាផ្លូវការរបស់ពួកគេ ឬដែលទទួលបានចំណាត់ថ្នាក់មិនល្អ ដើម្បីបន្តចូលរៀនកម្រិតឧត្តមសិក្សា។ ចេតនារបស់ ខ្មាន់កាំភ្លើង នៅមិនទាន់ដឹងច្បាស់ឡើយ ខណៈអាជ្ញាធរបានឱ្យដឹងជាបឋមថា ខ្មាន់កាំភ្លើងបានធ្វើសកម្មភាពតែម្នាក់ឯង ហើយអំពើភេរវកម្ម គិតត្រឹមពេលនេះ មិនទាន់ត្រូវសង្ស័យជា ជាចេតនានៅពីក្រោយ ការបាញ់ប្រហារនោះ នៅឡើយទេ។

គួរបញ្ជាក់ថា បើតាមនាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson វាគឺជាករណីបាញ់ប្រហារស្លាប់មនុស្សរង្គាល ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តប្រទេសរបស់លោក។ ករណីវាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ នៅតាមសាលារៀន គឺជារឿងកម្រនៅក្នុងប្រទេសអឺរ៉ុបមួយនេះ ដោយកាលពីចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០២២ មានមនុស្សត្រឹម ១០នាក់ប៉ុណ្ណោះ បានស្លាប់ ក្នុងឧប្បត្តិហេតុ៧ដាច់ដោយឡែកពីគ្នា នៅតាមសាលារៀន៕