(បាងកក)៖ នៅថ្ងៃពុធ ទី៥ ខែកុម្ភៈ រដ្ឋាភិបាលថៃ បាននិយាយថា ការផ្គត់ផ្គង់អគ្គិសនី ទៅកាន់តំបន់ព្រំដែនមួយចំនួន នៃប្រទេសមីយ៉ាន់ម៉ា ត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់សកម្មភាព របស់បណ្តាញឧក្រិដ្ឋកម្មឆបោក ដែលបានបោកប្រាស់​មនុស្សចម្រុះជាតិសាសន៍អស់ជាច្រើននាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

យោងតាមអង្គការសហប្រជាជាតិ (UN) មនុស្សរាប់ម៉ឺននាក់ ត្រូវបានបណ្តាញក្រុមឧក្រិដ្ឋជនបោកប្រាស់ ហើយក្លាយជាជនរងគ្រោះ ដែលត្រូវបានបង្ខំឱ្យធ្វើការ នៅតាមមជ្ឈមណ្ឌលឆបោក ក៏ដូចជាប្រតិបត្តិការអនឡាញខុសច្បាប់ផ្សេងៗ នៅទូទាំងតំបន់អាស៉ីអាគ្នេយ៍ រួមមានទាំងនៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា។ របាយការណ៍ឆ្នាំ២០២៣ របស់ UN បានប៉ាន់ប្រមាណថា ប្រតិបត្តិការដែល​រីកដុះដាលយ៉ាងឆាប់រហ័សទាំងនេះ រកចំណូលបានខ្ទង់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។

បញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ទទួលបានការយកចិត្តទុកដាក់ខ្លាំងសាជាថ្មី បន្ទាប់ពីតារាសម្តែងចិន ម្នាក់ឈ្មោះ Wang Xing ត្រូវបានគេបោកប្រាស់ ក្រោយពេលមកដល់ ព្រលានយន្តហោះ នៅប្រទេសថៃ កាលពីខែមុន។ ប៉ុន្មានថ្ងៃក្រោយមក តួសម្តែងរូបនោះ ត្រូវបានប៉ូលិសថៃរកឃើញ និងជួយសង្រ្គោះមកវិញ ពីក្នុងប្រទេសមីយ៉ាន់ម៉ា។ ចាប់តាំង​ពី ពេលនោះមក ប្រទេសថៃ បានព្រួយបារម្ភជាខ្លាំង អំពីផលប៉ះពាល់នៃករណីនេះ មកលើវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួន ហើយបានខិតខំព្យាយាមរំងាប់ ក្តីកង្វល់អំពីបញ្ហាសុវត្ថិភាព របស់អ្នកទេសចរមកពីប្រទេសចិន ដែលជាប្រភពភ្ញៀវទេសចរដ៏ចម្បង។

គួរបញ្ជាក់ថា រដ្ឋាភិប​ាលចិន បានស្នើឱ្យថៃចូលរួម ទប់ស្កាត់លំហូរធនធាននានា ទៅកាន់បណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញ ដែលកំពុងបង្កគ្រោះថ្នាក់ ចំពោះពលរដ្ឋចិន។ កាលពីខែមុន សារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា ក្នុងអត្ថបទកម្រមួយ ស្តីពីមជ្ឈមណ្ឌលឆបោកអនឡាញ បាននិយាយថា ធនធានចាំបាច់ដូចជា ថាមពលអគ្គិសនី និងអ៉ីនធើណិត ជាដើម គឺមិនមែនត្រូវបាន​ផ្តល់ដោយមីយ៉ាន់ម៉ាផ្ទាល់ឡើយ គឺដោយប្រទេសដទៃ ដែលហាក់ចង់សំដៅលើប្រទេសថៃ។ បើតាមប្រភពដដែល គិតចាប់តាំងពីខែតុលា ឆ្នាំ២០២៣ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានធ្វើមាតុភូមិនិវត្តន៍ ជនបរទេសសរុបជាង ៥៥ ០០០នាក់ ដែលភាគច្រើនបំផុតគឺជាជនជាតិចិន ដែលត្រូវបានបង្ខំឱ្យធ្វើការ នៅតាមកន្លែងឆបោក៕