(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើល និងរងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ក្រោយពីថ្លែងពីផែនការក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា និងអភិវឌ្ឍវាទៅជា «តំបន់រីវីយេរ៉ានៃមជ្ឈិមបូព៌ា» ឬ"Riviera of the Middle East"។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៥។
ក្នុងសន្និសីទសារព័ត៌មានរួម ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីព្រឹកថ្ងៃអង្គារ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលជាអ្នកអភិវឌ្ឍអចលនទ្រព្យដ៏ល្បីមួយរូប បានបង្ហាញពីចក្ខុវិស័យរបស់ខ្លួន ក្នុងការកសាងរមណីយដ្ឋានមួយ នៅលើឆ្នេរសមុទ្រហ្គាហ្សា ដែលរងការបំផ្លិចបំផ្លាញយ៉ាងដំណំ ដោយសារការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែលអស់រយៈពេលជាង ១៥ ខែ។ ការទម្លាក់គ្រាប់បែកនេះ បាន សម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤៧,០០០ នាក់ និងធ្វើឱ្យប្រជាជនភាគច្រើនគ្មានទីជម្រក។
ផែនការនេះ ត្រូវបានច្រានចោលយ៉ាងខ្លាំងក្លាពីសំណាក់ថ្នាក់ដឹកនាំជុំវិញពិភពលោក។ អារ៉ាប៊ីសាអូឌីត ដែលត្រូវបានគេរំពឹងថា នឹងធ្វើឱ្យមានទំនាក់ទំនងជាធម្មតាជាមួយអ៊ីស្រាអែល បានបដិសេធផែនការនេះទាំងស្រុង។ តួកគីបានហៅសំណើនេះថា «មិនអាចទទួលយកបាន» ខណៈបារាំងបានព្រមានថា ផែនការនេះនឹងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពនៅមជ្ឈិមបូព៌ា។ ចំណែកឯ រុស្ស៊ី ចិន អេស្ប៉ាញ អៀរឡង់ អូស្ត្រាលី ព្រមទាំងចក្រភពអង់គ្លេស សុទ្ធតែបានបញ្ជាក់ពី ការគាំទ្ររបស់ខ្លួនចំពោះដំណោះស្រាយរដ្ឋពីរ ដែលជាមូលដ្ឋាននៃគោលនយោបាយរបស់សហរដ្ឋអាមេរិកក្នុងតំបន់ អស់រយៈពេលជាច្រើនទសវត្សរ៍។
ចិន បានប្រកាសជំហរប្រឆាំង នឹងការផ្លាស់ទីលំនៅជនជាតិប៉ាឡេស្ទីនដោយបង្ខំ ដោយ លើកឡើងថា «ប្រជាជនប៉ាឡេស្ទីនគ្រប់គ្រងប៉ាឡេស្ទីន» គឺជាគោលការណ៍មូលដ្ឋាននៃអភិបាលកិច្ចក្រោយជម្លោះ។ បារាំងបានចេញការរិះគន់យ៉ាងខ្លាំង ដោយព្រមានថា ការផ្លាស់ទីលំនៅដោយបង្ខំ នឹងផ្ទុយនឹងច្បាប់អន្តរជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីប្រាថ្នា ស្របច្បាប់របស់ប៉ាឡេស្ទីន និងធ្វើឱ្យតំបន់គ្មានស្ថិរភាព៕