(ដាកា)៖ ក្រុមបាតុកររាប់ពាន់នាក់ នៅក្នុងប្រទេសបង់ក្លាដែស បានដុតផ្ទះរបស់អតីតបិតាស្ថាបនិកជាតិ និងឯករាជ្យជាតិ ក្រោយកូនស្រីរបស់លោក គឺនាយករដ្ឋមន្ត្រីត្រូវបានទម្លាក់ចេញពីតំណែង លោកស្រី Sheikh Hasina បានធ្វើការអំពាវនាវដ៏ចម្រូងចម្រាសមួយនៅលើបណ្ដាញទំនាក់ទំនងសង្គម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមសាក្សីនៅកន្លែងកើតហេតុ ក្រុមបាតុករ ក្នុងនោះមានអ្នកខ្លះប្រដាប់ដោយដំបង ញញួរ និងរបស់របរផ្សេងទៀត បានប្រមូលផ្ដុំគ្នាឡោមព័ទ្ធផ្ទះឪពុករបស់លោកស្រី Hasina ហើយនៅពេលនោះ មានបាតុករជាច្រើននាក់បានវាយបំផ្លិចបំផ្លាញ និងយកភ្លើងដុតផ្ទះនេះតែម្ដង។ ការប្រមូលផ្ដុំគ្នានេះត្រូវបានធ្វើឡើងតាមការអំពាវនាវមួយ ដើម្បីប្រឆាំងនឹងការលើកឡើងរបស់លោកស្រី Hasina កាលពីថ្ងៃពុធ ទី៥ ខែកុម្ភៈ ដែលអំពាវនាវនៅលើបណ្ដាញទំនាក់ទំនងសង្គមឱ្យក្រុមអ្នកគាំទ្ររបស់លោកស្រី ក្រោកឈរឡើងប្រឆាំងនឹងរដ្ឋាភិបាលបណ្ដោះអាសន្នសព្វថ្ងៃ។
គួរបញ្ជាក់ថា ភាពតានតឹងបានផ្ទុះឡើងនៅក្នុងប្រទេសបង់ក្លាដែស ចាប់តាំងពីខែសីហា ឆ្នាំ២០២៤ ជាពេលដែលមានបាតុកម្មតវ៉ាទ្រង់ទ្រាយធំ ដើម្បីបណ្ដេញលោកស្រី Hasina ចេញពីតំណែង ហើយលោកស្រីបានរត់ទៅជ្រកកោនក្នុងប្រទេសឥណ្ឌា៕