(PANAMA CITY)៖ ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈថាសហរដ្ឋអាមេរិកបានសាបព្រោះការភូតកុហក ក្រោយក្រសួងការបរទេសអាមេរិក បានប្រកាសថានាវារបស់រដ្ឋាភិបាលអាមេរិកនឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដោយមិនចាំបាច់បង់ថ្លៃសេវា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអត្ថាធិប្បាយរបស់លោក Mulino ត្រូវបានគេរំពឹងថាអាចនឹងបង្កើនភាពតានតឹងរវាងប្រទេសទាំង២ ស្របពេលលោក ដូណាល់ ត្រាំ ប្រកាសចង់គ្រប់គ្រងលើព្រែកជីកប៉ាណាម៉ា និងចោទថាព្រែកជីកនេះកំពុង គ្រប់គ្រងដោយចិន។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Mulino បានបង្ហាញជំហរប្រឆាំងជំទាស់ដាច់ខាតចំពោះអ្វីដែលលោកហៅថាការសាបព្រោះការភូតកុហក។ កាលពីថ្ងៃពុធវិញ អាជ្ញាធរព្រែកជីកប៉ាណាម៉ា បានចេញសេចក្ដីថ្លែងការណ៍មួយដោយនិយាយថាខ្លួនមិនបានធ្វើការកែសម្រួលណាមួយឡើយ ចំពោះថ្លៃសេវាឬសិទ្ធិ សម្រាប់ឆ្លងកាត់ព្រែកជីកនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានអះអាងថា នាវារបស់រដ្ឋាភិបាលអាមេរិក អាចបើកឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដោយលែងចាំបាច់ត្រូវបង់ថ្លៃសេវា។

តែទោះជាបែបនេះក្ដី លោក Mulino បានសរសេរក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គមថា លោកនឹងជជែកគ្នាជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅរសៀលថ្ងៃសុក្រសប្ដាហ៍នេះ៕