(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិការមួយកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ដើម្បីដាក់ទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលលោកផ្ទាល់ បានចោទថាបានធ្វើការស៊ើបអង្កេតដោយខុសច្បាប់ និងគ្មានមូលដ្ឋានលើសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បទបញ្ជារបស់លោក ត្រាំ បានបញ្ជាក់ទៀតថាតុលាការ ICC ដែលមានមូលដ្ឋានក្នុងទីក្រុងឡាអេ បានរំលោភអំណាចរបស់ខ្លួន តាមរយៈការចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដែលទើបតែបានជួបលោក ត្រាំ កាលពីថ្ងៃអង្គារកន្លងទៅនេះ។ ដោយចង់សំដៅលើការស៊ើបអង្កេតរបស់ ICC ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមដោយកងទ័ពអាមេរិកក្នុងប្រទេសអាហ្វហ្កានីស្ថាន និងដោយកងទ័ពអ៉ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា បទបញ្ជានេះក៏បាននិយាយដែរថាតុលាការអន្តរជាតិមួយនេះបានចូលរួមក្នុងការធ្វើសកម្មភាពខុសច្បាប់ និងគ្មានមូលដ្ឋានប្រឆាំងនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជិត ស្និទ្ធរបស់សហរដ្ឋអាមេរិក នោះគឺអ៉ីស្រាអែល។

តាមរយៈបទបញ្ជាប្រតិបត្តិខាងលើ លោក ត្រាំ បានបញ្ជាឱ្យបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើរចូលសហរដ្ឋអាមេរិក ប្រឆាំងបុគ្គលិក ក្រុមមន្ត្រីរបស់ ICC រួមទាំងសមាជិកគ្រួសាររបស់ពួកគេ ព្រមទាំងអ្នកដែល ត្រូវបានសន្មត់ថាបានជួយដល់ការស៊ើបអង្កេតរបស់តុលាការនេះផងដែរ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ ពោលកាលពីអាណត្តិទី១ លោក ត្រាំ ក៏ធ្លាប់បានដាក់ទណ្ឌកម្មហិរញ្ញវត្ថុ និងបម្រាមទិដ្ឋាការលើអតីតរដ្ឋអាជ្ញា ICC លោកស្រី Fatou Bensouda និងមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់តុលាការ នេះផងដែរ ជុំវិញការស៊ើបអង្កេតពីលើកងទ័ពអាមេរិក ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅអាហ្វហ្កានីស្ថាន៕