(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃសុក្រ ទី៧ ខែកុម្ភៈ បានអះអាងពីការប្រទះឃើញបាឡុងចិន ៦គ្រឿងនៅក្បែរដែនកោះតៃវ៉ាន់ ខណៈទីក្រុងប៉េកាំងបន្តរក្សាការដាក់សម្ពាធយោធាដើម្បីជំរុញ ការអះអាងពីអធិបតេយ្យរបស់ខ្លួនលើតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីរាយការណ៍ប្រចាំថ្ងៃអំពីសកម្មភាពយោធារបស់ចិននៅក្បែរកោះតៃវ៉ាន់ ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថាបាឡុង៦គ្រឿងរបស់ចិនបានធ្វើសកម្មភាពនៅក្បែរ កោះតៃវ៉ាន់រយ​ៈពេល ២៤ម៉ោង គិតត្រឹមម៉ោង ៦ព្រឹកថ្ងៃសុក្រនេះ។ ក្រសួងបន្ថែមថា ក្រៅពីវត្តមានបាឡុង យន្ដហោះយោធាចិន ៩គ្រឿង នាវាចម្បាំង៦គ្រឿង និងនាវាល្បាត ២គ្រឿងក៏ត្រូវបានប្រទះឃើញធ្វើសកម្មភាព ក្នុងពេលតែមួយនៅក្បែរកោះតៃវ៉ាន់ផងដែរ។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំថ្មីៗនេះ ចិនបានបង្កើនការធ្វើសកម្មភាពយោធានៅក្បែរកោះតៃវ៉ាន់ជាលំដាប់ ជាមួយការដាក់ពង្រាយយន្ដហោះចម្បាំង និងនាវាចម្បាំងនៅក្បែរដែនកោះនេះ។ ដោយឡែក បាឡុងចិនត្រូវបានរាយការណ៍ថាបានធ្វើសកម្មភាពក្បែរតៃវ៉ាន់ជារឿយៗ ទាស់ត្រង់តួលេខបង្ហាញដោយក្រសួងការពារជាតិតៃវ៉ាន់នៅថ្ងៃសុក្រ គឺជាចំនួនបាឡុងច្រើនបំផុត មួយគិតមកទល់ពេលនេះ៕