(ប្រេតូរីយា)៖ មួយថ្ងៃក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថាលោកនឹងកាត់ផ្តាច់មូលនិធិ ជុំវិញការធ្វើកំណែទម្រង់ដីធ្លីនៅអាហ្រ្វិកខាងត្បូង លោកប្រធាធិបតី Cyril Ramaphosa បាននិយាយថា ប្រទេសរបស់លោកនឹងមិនបណ្តោយឱ្យគេធ្វើបាបឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ ២០២៥។

ថ្មីៗនេះ លោក ត្រាំ បាននិយាយដោយមិនបង្ហាញភស្តុតាងថា អាហ្វ្រិកខាងត្បូងកំពុងរឹបអូសយកដី និងបែងចែកវណ្ណៈក្នុងសង្គម ពោលគឺមានភាពលម្អៀងលើពូជសាសន៍ សូម្បីតែការផ្តល់កម្មសិទ្ធិដីធ្លី។ នៅក្នុង​សុន្ទរកថា​ប្រចាំ​ឆ្នាំ លោក Ramaphosa គូសបញ្ជាក់ថា «យើងកំពុងមើលឃើញពីការកើនឡើងនូវជាតិនិយម ការការពារនិយម ការបែងចែកផលប្រយោជន៍រួមតូច និងការធ្លាក់ចុះនៃបុព្វហេតុរួម។ យើង​នឹង​ឈរ​រួម​គ្នា​ជា​ប្រជាជាតិ​មួយ ហើយ​និយាយ​ក្នុងសំឡេង​តែ​មួយ​ ដើម្បីការពារ​ផលប្រយោជន៍​ជាតិ​»

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស ដែលជាម្ចាស់អាណានិគមរបស់អាហ្រ្វិកខាងត្បូង បានផ្តល់ដីស្រែចំការភាគច្រើន ដល់ជនជាតិស្បែកស។ នៅឆ្នាំ ១៩៥០ គណបក្សជាតិ Afrikaner ដែលតំណាងឱ្យកូនចៅនៃអ្នកតាំងលំនៅហូឡង់ បានអនុម័តច្បាប់មួយដើម្បីយក ៨៥ភាគរយជាទឹកដីខ្លួន ហើយបណ្តេញប្រជាជនស្បែកខ្មៅ ៣.៥លាននាក់ ចេញពីស្រុកកំណើតដូនតារបស់ពួកគេ។

ក្នុងរយៈពេល ៣០ឆ្នាំដែលគណបក្ស ANC បានកាន់អំណាច ការសងសឹកដីមួយចំនួនកើតមានឡើងក្រោមគំរូ «មានអ្នកចង់ទិញ មានអ្នកចង់លក់» ប៉ុន្តែក្រុមអ្នករិះគន់ពិពរណ៌នាសកម្មភាពនោះថា ជាការចាប់យកដោយសន្សឹមៗ ហើយចោទប្រកាន់ម្ចាស់ដី ដែលជាជនជាតិស្បែស ថាមានបំណងទិញដីទុក។

ដោយឡែក ច្បាប់​ធ្វើកំណែទម្រង់ដីធ្លីនៅអាហ្វ្រិកខាងត្បូងថ្មីនេះ នឹងលុបចោលនូវការកំណត់ របស់មេដឹកនាំអាហ្រ្វិកខាងត្បូងពីមុន ដែលប្រើដើម្បីរឹបអូសយកដីពីជនជាតិស្បែកខ្មៅភាគច្រើន៕