(ឡាអេ)៖ កាលពីថ្ងៃសុក្រ ទី៧ ខែកុម្ភៈ បណ្តាប្រទេសជាច្រើននៅលើពិភពលោក បាននាំគ្នាបង្ហាញការគាំទ្រឥតងាករេរបស់ពួកគេ សម្រាប់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC មួយថ្ងៃបន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចនិងការធ្វើដំណើរ ប្រឆាំងបុគ្គលិករបស់តុលាការមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រទេសសរុបជិត៨០ បានចេញសេចក្តីថ្លែងការណ៍រួមថា «យើងសូមបញ្ជាក់ជាថ្មី នូវការបន្តគាំទ្រឥតងាករេរបស់ពួកយើង ចំពោះឯករាជ្យ យុត្តិធម៌ និងសុចរិតភាពរបស់ ICC។ តុលាការ ICC បម្រើជាសសរគ្រឹះដ៏សំខាន់ នៃប្រព័ន្ធយុត្តិធម៌អន្តរជាតិ តាមរយៈការធានាភាពទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរភាគច្រើន ព្រមទាំងយុត្តិធម៌សម្រាប់ជនរងគ្រោះ»

ប្រទេសចំនួន៧៩នោះ គឺមកពីគ្រប់ទិសទីនៃពិភពលោក ប៉ុន្តែស្មើនឹង២ភាគ៣ប៉ុណ្ណោះ នៃរដ្ឋជាសមាជិកទាំង១២៥ របស់ ICC។ ប្រទេសដែលបានចូលរួមគាំទ្រ សេចក្តីថ្លែងការណ៍ខាងលើ រួមមានដូចជាបារាំង អាល្លឺម៉ង់ និងអង់គ្លេស ជាដើម ខណៈប្រទេស ដែលអវត្តមាន រួមមានដូចជាអូស្រ្តាលី សាធារណរដ្ឋឆែក ហុងគ្រី និងអ៉ីតាលី ជាដើម។

គួរបញ្ជាក់ថា ទណ្ឌកម្មរបស់លោក ត្រាំ មានគោលដៅប្រឆាំង អ្នកទាំងឡាយណា ដែលធ្វើការក្នុងដំណើរការស៉ើបអង្កេតរបស់ ICC លើពលរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តអាមេរិក ដូចជា អ៉ីស្រាអែល ជាដើម។ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ដែលបានទៅជួបលោក ត្រាំ នៅសេតវិមាន ក្នុងសប្តាហ៍នេះ ត្រូវបានតុលាការ ICC ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ជុំវិញសង្រ្គាមនៅដែនដីប៉ាឡេស្ទីន ហ្កាហ្សា៕