(អូតាវ៉ា)៖ កាលពីថ្ងៃសុក្រ ទី៧ ខែកុម្ភៈ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បាននិយាយថា ប្រទេសរបស់លោក អាចត្រូវជួបប្រទះបញ្ហាប្រឈមផ្នែកនយោបាយ សម្រាប់រយៈពេលវែង ជាមួយសហរដ្ឋអាមេរិក បើទោះបីជាពេលនេះ បានរួចខ្លួនពី​ការគំរាមដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ត្រាំ បាននិយាយថា រូបលោកនឹងពន្យារពេល ដំឡើងពន្ធលើទំនិញនាំចូលពីកាណាដា សម្រាប់៣០ថ្ងៃ ក្រោយមានការព្រមព្រៀងទប់ស្កាត់បទល្មើស និងល្បាតព្រំដែន ពីសំណាក់កាណាដា ជាពិសេសជុំវិញការបង្រ្កាប​សកម្មភាពរត់ពន្ធថ្នាំញៀន fentanyl។ លោក Trudeau បានលើកឡើងថា បញ្ហាប្រឈមភ្លាមៗសម្រាប់ទីក្រុងអូតាវ៉ា គឺត្រូវបញ្ចុះបញ្ចូលឱ្យទីក្រុងវ៉ាស៉ីនតោន មើលឃើញថា កាណាដាកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់លំហូរថ្នាំ fentanyl។

លោកនាយករដ្ឋមន្រ្តីកាណាដា បានបន្តដូច្នេះថា «អ្វីដែលយើងត្រូវគិតគូរពិចារណាទុកជាមុន គឺមធ្យោបាយដើម្បីហែលឆ្លង រីកចម្រើន និងកាន់តែរឹងមាំ អំឡុងពេល៤ឆ្នាំខាងមុខ ដែលអាចជាពេល ត្រូវប្រឈមមុខនឹងស្ថានការណ៍នយោបាយរយៈពេលវែង ដែលកាន់តែលំបាកជាងមុន ជាមួយសហរដ្ឋអាមេរិក»។ លោក Justin Trudeau នឹងត្រូវចាកចេញពីតំណែង ក្រោយពេល​គណបក្សកាន់អំណាច ជ្រើសរើសបានមេដឹកនាំថ្មី ក្នុងខែមីនាខាងមុខនេះ បន្ទាប់ពីរូបលោក បានប្រកាសពីបំណងលាលែង កាលពីខែមករា។ លោក Trudeau បានធ្វើជានាយករដ្ឋមន្រ្តីកាណាដា ចាប់តាំងពីឆ្នាំ២០១៥មក។

គួរបញ្ជាក់ថា លោក ត្រាំ ធ្លាប់លើកឡើងម្តងហើយម្តងទៀត ចង់ឱ្យកាណាដា យល់ព្រមធ្វើជា រដ្ឋទី៥១ របស់សហរដ្ឋអាមេរិក។ ប្រមាណ៧៥ភាគរយ នៃទំនិញនិងសេវាកម្ម ដែលនាំចេញរបស់ប្រទេសកាណាដា គឺត្រូវបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិក ខណៈប្រការនេះធ្វើឱ្យកាណាដា ងាយរងគ្រោះបំផុត ប្រសិនបើអាមេរិក ដាក់សម្ពាធពាណិជ្ជកម្ម៕