(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី៧ ខែកុម្ភៈ សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័ត ចំពោះការលក់មីស៉ីល គ្រាប់បែក និងសម្ភារពាក់ព័ន្ធផ្សេងទៀត ក្នុងតម្លៃសរុប៧.៤ពាន់លានដុល្លារ ឱ្យទៅអ៉ីស្រាអែល ដែលកន្លងមកនេះ បានប្រើប្រាស់ឥតសំចៃដៃ នូវសព្វាវុធផលិតដោយអាមេរិក ក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ DSCA ដែលស្ថិតក្រោមក្រសួងការពារជាតិអាមេរិក បានប្រកាសឱ្យដឹងថា ក្រសួងការបរទេសអាមេរិក បានផ្តល់ការយល់ព្រមចំពោះ ការលក់គ្រាប់បែកនិងសម្ភារពាក់ព័ន្ធ ក្នុងតម្លៃ៦.៧៥ពាន់លានដុល្លារ រួមជាមួយមីស៉ីល Hellfire ក្នុងតម្លៃ៦៦០លានដុល្លារ។ អ៉ីស្រាអែល បានធ្វើសង្រ្គាមសងសឹកយ៉ាងខ្លាំងក្លា ប្រឆាំងក្រុមហាម៉ាស ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ខណៈបទឈប់បាញ់បានចូលជាធរមាន កាលពីខែមុន ដោយបន្សល់ទុកនូវភាពវិនាសហិនហោច ក្នុងតំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា ឆ្លើយតបក្តីកង្វល់ ជុំវិញចំនួនបាត់បង់ជីវិតដ៏ច្រើនសម្បើមនៃជនស៉ីវិល អតីតរដ្ឋបាលប្រធានាធិបតី លោក ចូ បៃដិន ធ្លាប់បានរាំងខ្ទប់ ការបញ្ជូនគ្រាប់បែកប្រភេទទម្ងន់ ២០០០ផោន ទៅកាន់អ៉ីស្រាអែល ប៉ុន្តែលោក ដូណាល់ ត្រាំ ត្រូវគេរាយការណ៍ថា បានអនុញ្ញាតឡើងវិញ ក្រោយលោកស្បថចូលកាន់តំណែង។ ទោះជាបែបនេះក៏ដោយ គ្រាប់បែក ដែលត្រូវបានអនុម័តលក់ខាងលើ គឺមានទំហំតូចជាង គ្រាប់បែកប្រភេទ២០០០ផោន៕