(អឺរ៉ុប)៖​ ប្រតិបត្តិករក្នុងតំបន់និយាយថា ប្រទេសក្នុងតំបន់បាល់ទិកទាំង​ ៣​ បានកាត់ផ្តាច់ប្រព័ន្ធអគ្គិសនីរបស់ពួកគេពីបណ្តាញអគ្គិសនីរបស់រុស្ស៉ី​ នាថ្ងៃសៅរ៍ ទី៨​ ខែកុម្ភៈនេះហេីយ​ ជាផ្នែកមួយនៃផែនការដែលបង្កេីតឡើងដើម្បីធ្វើសមាហរណកម្មប្រទេស ឱ្យកាន់តែជិតស្និទ្ធជាមួយសហភាពអឺរ៉ុប និងជំរុញសន្តិសុខ។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

អេស្តូនី ឡេតូនី និងលីទុយអានី បានផ្តាច់ខ្សែចេញពីបណ្តាញរួម IPS/UPS ហើយពួកគេនឹងងាកមកភ្ជាប់ជាមួយបណ្តាញរបស់សហភាពអឺរ៉ុប​ នៅថ្ងៃអាទិត្យ។​ អ្នកគាំទ្រដ៏រឹងមាំទាំង​ ៣នៃទីក្រុងកៀវ​ បានបញ្ឈប់ការទិញថាមពលពីរុស្ស៉ី​បន្ទាប់ពីការឈ្លានពានលេីអ៊ុយក្រែន​ ប៉ុន្តែបនៅពឹងផ្អែកលើខ្សែបណ្តាញអគ្គិសនីដើម្បីគ្រប់គ្រងប្រេកង់ និងស្ថេរភាព​ ជៀសវាងការដាច់ភ្លើង។

រដ្ឋមន្ត្រីក្រសួងថាមពលលីទុយអានី លោក Zygimantas Vaiciunas បានប្រាប់សន្និសីទសារព័ត៌មានមួយថា យើងបានឈានដល់គោលដៅ​ ដែលយើងខិតខំអស់រយៈពេលយូរមកហើយ។ លោក Kaspars Melnis រដ្ឋមន្ត្រីក្រសួងថាមពលឡេតូនី​ បានប្រាប់​ Reuters​ ថាយើងនឹងមិនប្រើបណ្តាញអគ្គិសនីរុស្ស៉ីទៀតទេឡេីយ។​ រដ្ឋមន្ត្រីការបរទេសអេស្តូនី លោក​ Margus Tsahkna បាននិយាយថា តាមរយៈការបញ្ចប់ការពឹងផ្អែកថាមពលនៃរដ្ឋបាល់ទិកលើរុស្សី​ ស្មេីនឹងធ្វេីឱ្យអ្នកឈ្លានពានគ្មានជម្រើសប្រើប្រាស់ថាមពលជាអាវុធប្រឆាំងនឹងយើង។

គួរបញ្ជាក់ថា​ ផែនការកាត់ផ្តាច់ខ្សែបណ្តាញអគ្គិសនីរបស់ប្រទេសក្នុងតំបន់បាល់ទិក​ ដែលពិភាក្សាគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍មកហេីយ​ ហាក់មានសន្ទុះបន្ទាប់ពីរុស្ស៉ីកាត់បញ្ចូលតំបន់គ្រីមៀ​ ជាទឹកដីរបស់ខ្លួនកាលពីឆ្នាំ​ ២០១៤៕