(តេហេរ៉ង់)៖ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា មេដឹកនាំកំពូល លោក Ayatollah Ali Khamenei បានជួបមេដឹកនាំស្តីទីរបស់ក្រុមហាម៉ាស លោក Khalil al-Hayya និងថ្នាក់ដឹកពីរនាក់ផ្សេងទៀតនៃក្រុមនេះ នៅក្នុងទីក្រុង Tehran នាថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ ២០២៥។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Khamenei បានប្រាប់គណៈប្រតិភូប៉ាឡេស្ទីន ដូច្នេះថា «អ្នកបានកម្ចាត់របបអ៉ីស្រាអែល ដែលជាការពិតការបរាជ័យរបស់អាមេរិក។ អ្នកមិនបានអនុញ្ញាតឱ្យពួកគេសម្រេចបាន នូវគោលដៅណាមួយរបស់ពួកគេទេ»។
លោក Mohammad Darwish ប្រធានក្រុមប្រឹក្សាដឹកនាំហាម៉ាស និងមន្ត្រីកំពូលហាម៉ាស លោក Nizar Awadallah បានបង្ហាញរបាយការណ៍ស្តីពីបច្ចុប្បន្នភាពតំបន់ហ្កាហ្សា West Bank និងជោគជ័យដែលក្រុមរបស់ខ្លួនសម្រេចបាន ទៅកាន់លោក Khamenei។
តាមទូរទស្សន៍រដ្ឋអ៉ីរ៉ង់ ក្រុមមេដឹកនាំរបស់ហាម៉ាស ស្ថិតនៅក្នុងទីក្រុងទីហេរ៉ង់ ដើម្បីអបអរសាទរដល់ លោក Khamenei ក្នុងឱកាសខួបនៃការបង្កេីតកងកម្លាំងបដិវត្តន៍អ៉ីរ៉ង់ឆ្នាំ ១៩៧៩។ ពួកគេបានសម្តែងការដឹងគុណចំពោះការបន្តគាំទ្ររបស់អ៉ីរ៉ង់៕