(សេអ៊ូល)៖ ប្រធានាធិបតីស្តីទី លោក Choi Sang-mok បាននិយាយនៅថ្ងៃសុក្រ ទី១៤ ខែកុម្ភៈថា កូរ៉េខាងត្បូង នឹងពិនិត្យឡើងវិញឱ្យបានហ្មត់ចត់ លើវិធានការពាណិជ្ជកម្ម ដែលមិនមែនជាការដាក់ពន្ធ និងភាពងាយរងគ្រោះផ្សេងទៀត ដើម្បីឆ្លើយតបនឹងផែនការដាក់ពន្ធគយរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រគល់ភារកិច្ចឱ្យក្រុមការងារសេដ្ឋកិច្ច រៀបចំផែនការ យកពន្ធពីប្រទេសណាដែលយកពន្ធពីសហរដ្ឋអាមេរិក រួមមានកូរ៉េខាងត្បូង ចិន ជប៉ុន សហភាពអឺរ៉ុប (EU) ជាដើម។

លោក Choi ដែលនៅកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ក្រៅពីធ្វើជាប្រធានាធិបតីស្តីទីហើយនោះ បាននិយាយថា «ផលប៉ះពាល់ អាចមិនធំធេងទេចំពោះសេដ្ឋកិច្ច ព្រោះអត្រាពន្ធមានកម្រិតទាប ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េ-សហរដ្ឋអាមេរិក។ ទោះយ៉ាងណា ដោយសារសហរដ្ឋអាមេរិក ក៏នឹងវាយតម្លៃលើវិធានការពាណិជ្ជកម្ម រួមទាំងពន្ធលើតម្លៃបន្ថែម និងពន្ធលើសេវាកម្មឌីជីថល តម្រូវឱ្យយើងពិនិត្យឡើងវិញ»

គួរបញ្ជាក់ថា ក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលៗទាំង ១៥របស់សហរដ្ឋអាមេរិក អត្រាពន្ធសម្រាប់កូរ៉េខាងត្បូង គឺខ្ពស់បំផុតលំដាប់ទីពីរបន្ទាប់ពីឥណ្ឌា ប៉ុន្តែស្ទើរតែទាំងអស់ត្រូវបានលុបចោល ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី លើកដំបូងក្នុងឆ្នាំ ២០០៧ និងត្រូវបានកែសម្រួលនៅឆ្នាំ ២០១៨ អំឡុងអាណត្តិទីមួយរបស់លោក ត្រាំ៕