(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់របស់ប្រទេសហ្វីលីពីនបានអះអាងម្តងទៀតថា គ្រោងនឹងបញ្ជាទិញ ប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon របស់កងទ័ពអាមេរិកដែលបានដាក់ពង្រាយនៅហ្វីលីពីន ព្រមទាំងបានធ្វើឱ្យ បញ្ហាសមុទ្រចិនខាងត្បូងផ្សារភ្ជាប់ជាមួយបញ្ហាប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon ។ មិនត្រឹមតែប៉ុណ្ណោះទេ លោក David Hartman ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅហ្វីលីពីនបានទម្លាយឱ្យដឹងថា ការចរចាអំពី «កិច្ចព្រមព្រៀង ស្តីពីឋានៈរបស់កងទ័ពដែលទៅធ្វើទស្សនកិច្ច» ដែលមានខ្លឹមសារអនុញ្ញាតឱ្យភាគីទាំងពីរ ដាក់ពង្រាយកងទ័ពនៅទឹកដីរបស់គូភាគី បានឈានចូលដំណាក់កាលចុងក្រោយហើយ ហើយអាចនឹងចុះហត្ថលេខាក្នុងឆ្នាំនេះ ។ បង្ករឿងហេតុនៅសមុទ្រចិនខាងត្បូង ដោយប្រើប្រាស់កម្លាំងខាងក្រៅម្តងហើយម្តងទៀត តើហ្វីលីពីនអាចទទួលបាន “សន្តិសុខ” ដែលខ្លួនចង់បាននោះទេ?

ឥស្សរជនសង្កេតការណ៍បានចាប់អារម្មណ៍ថា ចាប់តាំងពីរដ្ឋាភិបាលលោក Marcos ឡើងកាន់មុខតំណែងមក យុទ្ធសាស្ត្រកិច្ចការពារ និងសន្តិសុខរបស់ហ្វីលីពីនបានលេចចេញ បម្រែបម្រួលយ៉ាងច្បាស់លាស់ ។ ចំណុចលេចធ្លោបំផុត គឺបានលើកឡើងនូវ “គំនិតស្តីពីកិច្ចការពារប្រជុំកោះចម្រុះ ” ដែលបានប្រែចំណុចសំខាន់នៃកិច្ចការពារពីដីគោកទៅកាន់សមុទ្រ ដោយចាត់ទុកសន្តិសុខរបស់សេដ្ឋកិច្ចពិសេសផ្តាច់មុខនៅសមុទ្រចិនខាងត្បូង ផ្លូវទឹកនៃប្រជុំកោះនិងតំបន់ជុំវិញជា ផលប្រយោជន៍អាទិភាព ព្រមទាំងបានដាក់បញ្ចូលច្រកសមុទ្រតៃវ៉ាន់ និងស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ ក្នុងក្របខណ្ឌដែលខ្លួនយកចិត្តទុកដាក់ខ្ពស់ នេះគឺមិនធ្លាប់មានកាលពីមុន។

ដោយឈរលើមូលដ្ឋាននៃគំនិតកិច្ចការពារថ្មី រដ្ឋាភិបាលលោក Marcos បានកំណត់យុទ្ធសាស្ត្រសន្តិសុខជាតិថ្មី ក្នុងនោះ “ការពឹងផ្អែកលើប្រទេសធំ ”ជាខ្លឹមសារដ៏សំខាន់នៃយុទ្ធសាស្ត្រនេះ ។ “ប្រទេសធំ” មិនត្រឹមតែសំដៅអាមេរិកនិងអឺរ៉ុប តែប៉ុណ្ណោះទេ ថែមទាំងក៏រួមមានជប៉ុននិងអូស្រ្តាលីដែលជាសម័្ពន្ធមិត្តដ៏សំខាន់របស់អាមេរិកស្ថិតនៅអ្វីដែលហៅថា “តំបន់ឥណ្ឌូប៉ាស៊ីហ្វិក” ដែរ។

រដ្ឋាភិបាលហ្វីលីពីនមើលឃើញថា យុទ្ធសាស្ត្រស្តីពី “ការពឹងផ្អែកលើប្រទេសធំ ” អាចនាំមកនូវអារម្មណ៍សុវត្ថិភាព ប៉ុន្តែ នេះគ្រាន់តែជាការស្រមើស្រមៃតែម្នាក់ឯងរបស់រដ្ឋាភិបាលហ្វីលីពីន និងកម្លាំងពួកស្តាំមួយចំនួនក្នុងប្រទេសហ្វីលីពីនតែប៉ុណ្ណោះ ។ ដូចអ្នកវិភាគបានលើកឡើងថា អាមេរិកបានធ្វើពាក្យសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះហ្វីលីពីនថា នឹងការពារសន្តិសុខរបស់ហ្វីលីពីន ប៉ុន្តែការនេះគ្រាន់តែជាការគំរាមកំហែងខាងយុទ្ធសាស្ត្រ និងការគិតគូរពីកិច្ចការទូតប៉ុណ្ណោះ ។ យុទ្ធសាស្ត្រស្តីពី “ការពឹងផ្អែកទៅលើបរទេស” របស់រដ្ឋាភិបាលហ្វីលីពីនប្រហែលនឹងនាំមកនូវ “ការលួងលោមផ្លូវចិត្ត” ដល់អ្នកធ្វើសម្រេចចិត្ត ប៉ុន្តែមិនអាចនាំមកនូវសន្តិសុខដល់ហ្វីលីពីននោះឡើយ ផ្ទុយទៅវិញ បែរជានឹងនាំមកនូវផលវិបាក ។ ក្នុងនោះ ផលប៉ះពាល់ផ្ទាល់បំផុត គឺការនេះបានវាយប្រហារដល់ស្ថាប័នសន្តិសុខក្នុងតំបន់ដែលដឹកនាំដោយអាស៊ាន។

ជាយូរណាស់មកហើយ អាស៊ានបានអនុវត្តយុទ្ធសាស្ត្រ “តុល្យភាពរវាងប្រទេសធំៗ ”និងរចនាសម្ព័ន្ធសន្តិសុខ ដែលឈរលើមូលដ្ឋាននៃពហុភាគីនិយម ប្រការនេះបានផ្តល់មូលដ្ឋានគ្រឹះ ដល់ប្រទេសអាស៊ីអាគ្នេយ៍ ក្នុងការបញ្ចៀសនូវជោគវាសនា ក្នុងសង្គ្រាមត្រជាក់ជាថ្មីម្តងទៀត និងរួមគ្នាទប់ទល់នឹងបញ្ហាប្រឈមខាងសន្តិសុខ ។ ប៉ុន្តែ រដ្ឋាភិបាលលោក Marcos បានគាំទ្រអាមេរិកពង្រីកអនុត្តរភាពផ្នែកយោធា នៅអាស៊ីអាគ្នេយ៍យ៉ាងដាច់ខាត ជាពិសេស បានអនុញ្ញាតឱ្យអាមេរិកដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម នៅខ្សែសង្វាក់កោះទីមួយ ដែលបានឃ្លាឆ្ងាយពី ផ្លូវយុទ្ធសាស្ត្រសន្តិសុខរបស់អាស៊ាន ហើយបានកាត់បន្ថយប្រសិទ្ធភាព របស់អាស៊ានដែលក្នុងនាមជា “ឧបករណ៍សម្របសម្រួល” និង “តំបន់អព្យក្រឹត” ក្នុងការប្រកួតប្រជែងរវាងប្រទេសធំៗ។

សូមដាស់តឿនហ្វីលីពីនគិតពិចារណាមើល៖ បើសឹនជាទង្វើរបស់ខ្លួនបានបំផ្លាញស្ថាប័នសន្តិសុខ ក្នុងតំបន់ដែលដឹកនាំ ដោយអាស៊ាន នោះតើនឹងដកខ្លួនចេញតាមរៀបណា ? អាចឃើញថា យុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ហ្វីលីពីន បានបង្ហាញពីការវិនិច្ឆ័យដ៏ខុសឆ្គង យ៉ាងធ្ងន់ធ្ងររបស់រដ្ឋាភិបាលហ្វីលីពីនចំពោះស្ថានការណ៍ ។ ក្នុងស្រុក រដ្ឋាភិបាលហ្វីលីពីនប៉ុនប៉ងបញ្ឆោតដណ្តើមបាន ការគាំទ្ររបស់អ្នកបោះឆ្នោត តាមរយៈការឃោសនាបំប៉ោង “ការគំរាមកំហែងរបស់ចិន” ។ លើផ្ទៃអន្តរជាតិ ហ្វីលីពីនសុខចិត្តធ្វើជាកូនអុករបស់ប្រទេសធំ នៅក្រៅតំបន់ ដើម្បីទប់ស្កាត់ប្រទេសចិន ក៏ដូចជាទទួលបានជំនួយ និងអ្វីដែលហៅថាសន្តិសុខ ។ ប៉ុន្តែពួកគេមិនដឹងថា ហ្វីលីពីនខ្លួនឯងទើបជាប្រទេសដែលត្រូវគេប្រើប្រាស់ ។ បើពឹងផ្អែកលើ "ការចែកទាន" របស់លោកខាងលិច និងប្រគល់កិច្ចការពារជាតិរបស់ប្រទេសខ្លួនទៅឱ្យគេ នោះអ្វីដែលហ្វីលីពីននឹងទទួលបានមិនមែនជាសន្តិសុខទេ តែគឺគ្រោះចង្រៃទៅវិញ៕

វិទ្យុមិត្តភាពកម្ពុជាចិន