(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិកនិងរុស្ស៊ី គ្រោងនឹងជួបប្រជុំគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងប៉ុន្មានថ្ងៃខាងមុខ ដើម្បីចាប់ផ្តើមកិច្ចចរចាសំដៅបញ្ចប់សង្គ្រាមជិតបីឆ្នាំនៅអ៊ុយក្រែននេះបើយោងតាមការបញ្ជាក់ពីសមាជិកសភាអាមេរិក និងប្រភពព័ត៌មានដែលដឹងពីផែនការនេះកាលពីថ្ងៃសៅរ៍។
លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងបន្ទាប់ពីជួបជាមួយអនុប្រធានាធិបតីអាមេរិក លោក JD Vance នៅអាល្លឺម៉ង់កាលពីថ្ងៃសុក្រថា អ៊ុយក្រែនមិនត្រូវបានអញ្ជើញ ឱ្យចូលរួមកិច្ចពិភាក្សារវាងអាមេរិកនិងរុស្ស៊ី នៅអារ៉ាប៊ីសាអូឌីតទេ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ទីក្រុងកៀវ នឹងមិនចរចាជាមួយរុស្ស៊ីឡើយ ប្រសិនគ្មានការពិគ្រោះយោបល់ជាមួយ ដៃគូយុទ្ធសាស្ត្រជាមុន។
គណៈប្រតិភូអាមេរិក ដែលនឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត រួមមានរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio, ទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz និងបេសកជនសេតវិមានលោក Steve Witkoff នេះបើតាមការបញ្ជាក់ពីលោក Michael McCaul តំណាងសហរដ្ឋអាមេរិកប្រាប់ Reuters។ ទោះយ៉ាងណា មិនទាន់មានព័ត៌មានច្បាស់លាស់ថាតើអ្នកណានឹងចូលរួម ពីភាគីរុស្ស៊ីនោះទេ។
លោក McCaul បានបញ្ជាក់នៅក្រៅសន្និសីទសន្តិសុខទីក្រុង Munich ថា គោលបំណងនៃកិច្ចចរចានេះ គឺរៀបចំឱ្យមានជំនួបរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងលោក Zelenskiy «ដើម្បីនាំមកនូវសន្តិភាពនិងបញ្ចប់ជម្លោះនេះនៅទីបំផុត»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ដែលបានចូលកាន់តំណែង កាលពីថ្ងៃទី ២០ ខែមករាបានសន្យា ជាច្រើនលើកថា នឹងបញ្ចប់សង្រ្គាមអ៊ុយក្រែនយ៉ាងឆាប់រហ័ស។ ការសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន និងលោក Zelenskiy កាលពីថ្ងៃពុធបង្កក្តីបារម្ភ ដល់សម្ព័ន្ធមិត្តអឺរ៉ុបថា ពួកគេអាច នឹងត្រូវដកចេញពីដំណើរការសន្តិភាព។ ការព្រួយបារម្ភនេះកាន់តែ ខ្លាំងឡើងនៅពេលដែលបេសកជនអ៊ុយក្រែនរបស់លោក ត្រាំ បញ្ជាក់កាលពីថ្ងៃសៅរ៍ថា អឺរ៉ុបនឹងមិនមានកៅអីនៅតុចរចាទេ ស្របពេលដែលអាមេរិក កំពុងស្ទង់មតិការរួមចំណែក របស់អឺរ៉ុប ក្នុងការធានាសន្តិសុខដល់អ៊ុយក្រែន៕