(ប៉ារីស)៖ បារាំង នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលមួយ នៅថ្ងៃចន្ទនេះ ដោយមានកាចូលរួមពីបណ្តាមេដឹកនាំអឺរ៉ុបសំខាន់ៗ ដើម្បីពិភាក្សាអំពីសង្រ្គាមអ៊ុយក្រែន និងសន្តិសុខរួមរបស់អឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កិច្ចប្រជុំនេះ ធ្វើឡើងខណៈដែលទ្វីបអឺរ៉ុប កំពុងស្វែងរកការឆ្លើយតបរួមគ្នា ចំពោះវិធីសាស្ត្រ ឯកតោភាគីរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជុំវិញជម្លោះអ៊ុយក្រែន។

បេសកជនអ៊ុយក្រែនរបស់ប្រធានាធិបតីត្រាំ គឺ លោក Keith Kellogg ថ្មីៗនេះ បានបញ្ជាក់ថា អឺរ៉ុបនឹងមិនមានកៅអីពិសេស នៅតុចរចាសន្តិភាពអ៊ុយក្រែនទេ។ ការណ៍នេះបានធ្វើឱ្យអឺរ៉ុបកាន់តែបារម្ភខ្លាំង។

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងក្លាយជាកិច្ចប្រជុំការងារដែលមិនគួរ «និយាយច្រើនពេក»។ លោកបានបន្ថែមថា យ៉ាងហោចណាស់ អង់គ្លេស អាល្លឺម៉ង់ ប៉ូឡូញ អ៊ីតាលី ដាណឺម៉ាក (នឹងតំណាងឱ្យប្ររទេសបាល់ទិក និងស្កែនឌីណាវ) ព្រមទាំងថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងអគ្គលេខាធិការអង្គការណាតូ ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូលនេះ។

គោលបំណងសំខាន់ គឺពិភាក្សាពីជំនួយបន្ទាន់សម្រាប់អ៊ុយក្រែន តួនាទីរបស់អឺរ៉ុបក្នុងកាធានាសន្តិសុខដល់អ៊ុយក្រែន និងការពង្រឹងសន្តិសុខសមូហភាពអឺរ៉ុប។ ទោះយ៉ាងណា មិទាន់ច្បាស់ទេថា តើនឹងមានលទ្ធផលជាក់ស្តែងអ្វីចេញពីកិច្ចប្រជុំនេះនៅឡើយទេ។

គួរបញ្ជាក់ថា បារាំងកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យអឺរ៉ុប មានសំឡេងរួមមួយ ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន ចំពេលមានការព្រួយបារម្ភថា អឺរ៉ុបអាចនឹងត្រូវដកចេញពីដំណើរការសន្តិភាពដោយរដ្ឋបាលអាមេរិក ដូណាល់​ ត្រាំ៕