(ឌូបៃ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ បាននិយាយថាទីក្រុងកៀវ មិនត្រូវបានជូនដំណឹងជាមុនអំពីកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៉ី ក្នុងសប្ដាហ៍នេះនោះទេ ជាមួយការបន្ថែមថាអ៊ុយក្រែននឹងមិនទទួលស្គាល់ឡើយនូវកិច្ចព្រមព្រៀងទាំងឡាយណាដែលធ្វើឡើងដោយគ្មានការចូលរួមពីអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងទៅកាន់អ្នកសារព័ត៌មានតាមរយៈប្រព័ន្ធវីដេអូចេញពីប្រទេសអេមីរ៉ាតអារ៉ាប់រួម លោក ហ្សេលេនស្គី បានសារភាពថារដ្ឋាភិបាលរបស់លោកមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចចរចារវាងអាមេរិក និងរុស្ស៉ី ដែលគ្រោង នឹងប្រព្រឹត្តនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតឡើយ។ លោក ហ្សេលេនស្គី បន្តថាទីក្រុងកៀវមិនបានដឹងអ្វីទាល់តែសោះអំពីកិច្ចចរចានៅក្នុងសប្ដាហ៍នេះ។ តាមលោកប្រធានាធិបតីអ៊ុយក្រែន កិច្ចប្រជុំនឹង មិនអាចសម្រេចបានលទ្ធផលអ្វីទេ ដោយសារតែគ្មានការចូលរួមពីក្រុមមន្ត្រីអ៊ុយក្រែន ហើយអ៊ុយក្រែនក៏នឹងមិនទទួលស្គាល់នោះដែរនូវរាល់កិច្ចព្រមព្រៀងស្ដីពីអ៊ុយក្រែន តែគ្មានការវត្តមានរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទនោះដែរ វិមានក្រឹមឡាំង បាននិយាយថាក្រុមមន្ត្រីកំពូលៗរបស់រុស្ស៉ីនឹងបើកកិច្ចចរចាជាមួយសមភាគីអាមេរិកស្ដីពីការស្ដារទំនាក់ទំនងឡើងវិញ កិច្ចចរចាស្ដីសន្តិភាពបញ្ចប់សង្រ្គាមអ៊ុយក្រែន ព្រមទាំងការត្រៀមរៀបចំជំនួបកំពូលរវាងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតី លោក ដូណាល់ ត្រាំ។ តាមវិមានក្រឹមឡាំង រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergey Lavrov និងទីប្រឹក្សាគោលនយោបាយ ការបរទេសរបស់លោក ពូទីន គឺលោក Yuri Ushakov បានធ្វើដំណើរតាមយន្ដហោះឆ្ពោះទៅកាន់រាជធានីនៃប្រទេសអារ៉ាប៊ីសាអូឌីត ស្របពេលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងគណៈប្រតិភូអាមេរិក ក៏បានធ្វើដំណើរទៅដល់អារ៉ាប៊ីសាអូឌីតផងដែរ៕