(បេរូត)៖ អ៉ីស្រាអែល នឹងរក្សាទុកកងទ័ពរបស់ខ្លួន នៅតាមទីតាំងជាច្រើនស្ថិតនៅភាគខាងត្បូងនៃប្រទេសលីបង់ ទោះជាកាលបរិច្ឆេទកំណត់ឱ្យដកងទ័ពនឹងហួសសុពលភាពនៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈនេះក៏ដោយ ក្នុងបរិបទមេដឹកនាំអ៉ីស្រាអែលកំពុងព្យាយាមធានាឱ្យបានថាប្រជាជនអ៉ីស្រាអែលដែលរស់នៅភាគខាងជើងនៃប្រទេសអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដោយសុវត្តិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្រោមបទឈប់បាញ់មួយត្រូវបានសម្របសម្រួលឡើងដោយសហរដ្ឋអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កងទ័ពអ៉ីស្រាអែលមានពេល៦០ថ្ងៃ ដើម្បីដកចេញពីភាគខាងត្បូងលីបង់ជាទីដែល ពួកគេបានបើកប្រតិបត្តិការវាយលុកថ្មើរជើងប្រឆាំងក្រុមហេសបូឡាចាប់តាំងពីដើមខែតុលាឆ្នាំដដែល។ កាលបរិច្ឆេទកំណត់ឱ្យដកទ័ពត្រូវបានពន្យារពេលដល់ថ្ងៃទី១៨ ខែកុម្ភៈ ប៉ុន្តែអ៉ីស្រាអែល និងក្រុមមន្ត្រីលីបង់ រួមទាំងមន្ត្រីការទូតបរទេសបានត្រៀមលក្ខណៈទុកជាមុនទៅហើយចំពោះការរក្សាវត្តមានកងទ័ពអ៉ីស្រាអែលមួយចំនួននៅតាមផ្នែកជាច្រើនតាមបណ្ដោយព្រំដែនលីបង់។
នៅក្នុងសន្និសីទមួយជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Nadav Shoshani បានបញ្ជាក់ថាក្នុងពេលនេះ អ៉ីស្រាអែលចាំបាច់ត្រូវបន្តរក្សាវត្តមានកងទ័ពនៅឯ៥ទីតាំង នៅភាគខាងត្បូងលីបង់ ដើម្បីការពារពលរដ្ឋអ៉ីស្រាអែល និងធ្វើឱ្យប្រាកដថាបេសកកម្មរបស់ខ្លួនទទួលបានជោគជ័យ មុននឹងប្រគល់ទីតាំងទាំងនោះទៅឱ្យកងកម្លាំងប្រដាប់អាវុធលីបង់។
គួរបញ្ជាក់ថា អ៉ីស្រាអែលធ្លាប់គ្រប់គ្រងលើតំបន់ភាគខាងត្បូងលីបង់អស់រយៈពេល២២ឆ្នាំ និងបានដកកងទ័ពចេញក្នុងឆ្នាំ២០០០ ក្រោយមានការវាយប្រហារឥតឈប់ឈរលើទីតាំងដែលកងទ័ព អ៉ីស្រាអែលឈរជើងលើទឹកដីលីបង់ ពីសំណាក់ក្រុមហេសបូឡាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨២ ដើម្បីប្រឆាំងការឈ្លានពានរបស់អ៉ីស្រាអែល៕