(ប៉ារីស)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ ខែកុម្ភៈថាការធានាសន្តិសុខពីសហរដ្ឋអាមេរិកគឺជាមធ្យោបាយតែមួយគត់ដើម្បីធានាឱ្យបាននូវសន្តិភាព យូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន ហើយថាវាដូចជាលឿនពេក ក្នុងការនិយាយថាតើមានកងកម្លាំងរក្សាសន្តិភាពអង់គ្លេសចំនួនប៉ុន្មានដែលលោកចង់ដាក់ពង្រាយទៅអ៊ុយក្រែន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅពេលត្រូវបានសាកសួរអំពីការធានាសន្តិសុខរបស់សហរដ្ឋអាមេរិកនឹងមានន័យយ៉ាងណា ហើយថាតើអ្វីទៅជាតួនាទីរបស់កងកម្លាំងរក្សាសន្តិភាព? លោក Starmer បានឆ្លើយថាកិច្ចពិភាក្សាកំពុង ធ្វើឡើងនៅឡើយក្នុងដំណាក់កាលដំបូង។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជាក់ថាក្រោយកិច្ចប្រជុំបន្ទាន់ជាមួយមេដឹកនាំអឺរ៉ុបដទៃទៀតក្នុងទីក្រុងប៉ារីស មេដឹកនាំអឺរ៉ុបចាំបាច់ត្រូវតែបង្កើន កញ្ចប់ថវិកាយោធា និងការទទួលខុសត្រូវកាន់តែច្រើនលើសន្តិសុខក្នុងតំបន់អឺរ៉ុប។ «ប្រសិនបើមានកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងមួយ វាក៏ត្រូវតែមានការគាំទ្រពីសហរដ្ឋអាមេរិកដែរ ពីព្រោះការធានាសន្តិសុខពីសហរដ្ឋអាមេរិក ជាមធ្យោបាយតែមួយគត់ ដើម្បីកំញើញរុស្ស៉ីឱ្យមានប្រសិទ្ធភាពក្នុងការការពារអ៊ុយក្រែនពីការវាយប្រហារសាជាថ្មី»។ នេះជាការបន្ថែមរបស់លោក Starmer។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ លោក Keir Starmer បានក្លាយជាមេដឹកនាំអឺរ៉ុបដំបូងគេ ដែលប្រកាសថាបានត្រៀមលក្ខណៈជាស្រេចដើម្បីបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់ អ៊ុយក្រែន ក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាពបិទបញ្ចប់សង្រ្គាម៕