(ព្រុចសែល)៖ កាលពីថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ លោក Keith Kellogg ដែលជាបេសកជនទទួលបន្ទុកបញ្ហាអ៊ុយក្រែន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា គ្មាននរណាម្នាក់នឹងចាប់បង្ខំឱ្យទីក្រុងកៀវ ទទួលយកកិច្ចព្រមព្រៀងសន្តិភាព សម្រាប់សង្រ្គាមជាមួយរុស្ស៉ី នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងនៅទីស្នាក់ការកណ្តាលរបស់អង្គការ NATO ក្នុងទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក លោក Kellogg បានប្រាប់ទៅកាន់ ក្រុមអ្នកសារព័ត៌មានថា ពុំមាននរណាម្នាក់ នឹងបង្ខិតបង្ខំឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវតែទទួលយក កិច្ចព្រមព្រៀងសន្តិភាពណាមួយឡើយ។ បើតាមការអះអាងរបស់លោកផ្ទាល់ រូបលោកនឹងត្រូវធ្វើដំណើរទៅជួប លោក ហ្សេលេនស្គី នៅទីក្រុងកៀវ ក្នុងសប្តាហ៍នេះ។
គួរបញ្ជាក់ថា ក្នុងថ្ងៃអង្គារនេះ ក្រុមមន្រ្តីជាន់ខ្ពស់អាមេរិក រួមមានទាំងរដ្ឋមន្រ្តីការបរទេស លោក Marco Rubio ប៉ុន្តែមិនមានលោក Kellogg ទេ នឹងត្រូវជួបជាមួយក្រុមមន្រ្តីជាន់ខ្ពស់រុស្ស៉ី ដែលដឹកនាំដោយរដ្ឋមន្រ្តីការបរទេស លោក Sergei Lavrov នៅឯទីក្រុងរីយ៉ាដនៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីបើកកិច្ចពិភាក្សាគ្នា ដោយផ្តោតលើការស្វែងរកទីបញ្ចប់ សម្រាប់សង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាលើទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៉ី ផ្ទាល់៕