(ហាណូយ)៖ ក្នុងថ្ងៃអង្គារនេះ រដ្ឋសភានៃប្រទេសវៀតណាម នឹងអនុម័តផែនការកែទម្រង់ការិយាធិបតេយ្យ ដែលមានគោលដៅ បង្រួមប្រហែល១ភាគ៥ នៃទំហំរដ្ឋាភិបាលបច្ចុប្បន្ន ស្របពេលដែលប្រទេសអាស៊ានមួយនេះ ព្យាយាមកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពរដ្ឋបាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

ផែនការខាងលើ នឹងបើកផ្លូវដល់ការជម្រុះស្ថាប័នរដ្ឋាភិបាលចន្លោះពី ១៥% ទៅ២០% ដែលនឹងរួមមានក្រសួងចំនួន៥ ទីភ្នាក់ងារចំនួន៤ ហើយនិងប៉ុស្តិ៍ទូរទស្សន៍រដ្ឋចំនួន៥ ក្នុងចំណោមការកាត់បន្ថយផ្សេងៗទៀត។ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក To Lam កាលពីសប្តាហ៍មុន បានលើកឡើងថា វិធានការនេះ មិនត្រឹមជួយសន្សំសំចៃ ថវិការដ្ឋប៉ុណ្ណោះទេ ប៉ុន្តែកាន់តែសំខាន់ទៅទៀតនោះ វានឹងជួយបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធរដ្ឋបាល។

ក្រោមផែនការនោះ ក្រសួងផែនការនិងវិនិយោគវៀតណាម នឹងត្រូវច្របាច់បញ្ចូលជាមួយក្រសួងហិរញ្ញវត្ថុ ហើយក្រសួងដឹកជញ្ជូន នឹងត្រូវបញ្ចូលជាមួយក្រសួងសំណង់។ រីឯក្រសួងធនធានធម្មជាតិនិងបរិស្ថាន ព្រមទាំងក្រសួងកសិកម្ម ក៏នឹងត្រូវរួមបញ្ចូលគ្នា​តែមួយផងដែរ។

គួរបញ្ជាក់ថា បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាម កាលពីខែមករា ផែនការកំណែទម្រង់ការិយាធិបតេយ្យខាងលើ នឹងប៉ះពាល់ដល់មន្រ្តីរដ្ឋប្រហែល១០០ ០០០នាក់ ប៉ុន្តែមិនមានការបញ្ជាក់ថា វាប៉ះពាល់បែបណាឡើយ។ យ៉ាងណាមិញ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Hoa Binh ត្រូវបានស្រង់សម្តី ក្នុងសេចក្តីរាយការណ៍នោះថា បុគ្គលិកណាដែលបំពេញការងារមិនបានល្អ នឹងត្រូវជម្រុះចេញ ខណៈស្ថាប័នរដ្ឋ ដាច់ខាតមិនត្រូវក្លាយជា កន្លែងជ្រកកោនសុវត្ថិភាព សម្រាប់មន្រ្តីដែលអសមត្ថភាព ឡើយ៕