(វ៉ាស៉ីនតោន)៖ មហាសេដ្ឋីអាមេរិក លោក Elon Musk កំពុងត្រៀមខ្លួនដឹកនាំក្រុមការងារ នៃអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ចុះទៅធ្វើសវនកម្មលើ ទុនបម្រុងមាសរបស់សហរដ្ឋអាមេរិក ដែលរក្សាទុកនៅមូលដ្ឋានយោធា Fort Knox ក្នុងរដ្ឋ Kentucky ក្រោយដឹងថា មាសដ៏សំខាន់ទាំងនោះ មិនស្ថិតក្រោមការត្រួតពិនិត្យជាប់លាប់។ នេះបើតាមការផ្សាយ ដោយសារព័ត៌មាន Fox News នាថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

ថ្មីៗនេះ លោក Musk បានបង្ហោះសារលើប្រព័ន្ធ X ចោទសួរថា តើមាសបម្រុងរបស់សហរដ្ឋអាមេរិក ត្រូវបានត្រួតពិនិត្យ​ជាប់លាប់រៀងរាល់ឆ្នាំដែរឬទេ ហើយសមាជិកព្រឹទ្ធសភាមួយរូប ក៏បានឆ្លើយថា អត់ទេ ហើយបានស្នើឱ្យលោក Musk ចុះទៅ​ធ្វើសវនកម្មឱ្យច្បាស់។ ក្រោយមក លោក Musk ក៏បាននិយាយដូច្នេះថា «តើនរណាកំពុងធានាថា មាសទាំងនោះ មិនត្រូវបាន​លួចបន្លំយកចេញពីបន្ទាយ Fort Knox។ ប្រហែល វានៅទីនោះដដែល ប៉ុន្តែក៏ប្រហែលជាលែងនៅ ក៏ថាបានដែរ។ មាសទាំងនោះ ជាកម្មសិទ្ធិរបស់សាធារណជនអាមេរិក! យើងចង់ដឹងឱ្យប្រាកដថា តើពួកវាពិតជាស្ថិតនៅទីនោះដដែល ឬក៏យ៉ាងណា»

សហរដ្ឋអាមេរិក មានទុនបម្រុងមាសច្រើនជាងគេបង្អស់លើពិភពលោក គឺចំនួនជាង ៨១០០តោន គិតត្រឹមចុងឆ្នាំ២០២៤ ហើយជាងពាក់កណ្តាលនៃមាសបម្រុងទាំងនោះ ត្រូវបានរក្សាទុកនៅអគារមួយ ដែលមានសន្តិសុខរឹងមាំបំផុត ក្នុងបន្ទាយ Fort Knox។ ក្រុមអ្នករិះគន់ បានអំពាវនាវឱ្យមានតម្លាភាពជាងមុន ពាក់ព័ន្ធមាស ដែលទុកនៅទីនោះ។

គួរបញ្ជាក់ថា អំឡុងអាណត្តិទី១ នៃរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់លោក គឺលោក Steven Mnuchin និងសមាជិកជាន់ខ្ពស់នៃព្រឹទ្ធសភាអាមេរិក លោក Mitch McConnell ធ្លាប់ធ្វើទស្សនកិច្ច កាន់កន្លែងស្តុកទុកមាសបម្រុងខាងលើ។ អ្នកទាំងពីរបានរាយការណ៍ថា ទោះបីមានការសន្និដ្ឋានផ្តេសផ្តាសជាច្រើនក៏ដោយ គឺមាសទាំងអស់ មានវត្តមាននៅទីនោះដដែល។ រីឯកាលពីឆ្នាំ១៩៧៤ ប្រតិភូសភាអាមេរិក និងក្រុមអ្នកកាសែត ក៏ធ្លាប់ត្រូវបាន​អញ្ជើញឱ្យទៅពិនិត្យមើលពួកវាផងដែរ ក្រោយមានពាក្យចចាមអារ៉ាម អំពីការបាត់មាសទាំងនោះ៕