(វែលីងតោន)៖ យោងតាមឯកសាររបស់រដ្ឋាភិបាល កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន និងដែនដី Cook Islands គឺគ្របដណ្តប់លើការជីកយករ៉ែបាតសមុទ្រ រហូតដល់ការផ្តល់អាហារូបករណ៍ក្នុងវិស័យអប់រំ ប៉ុន្តែមិនរាប់បញ្ចូលទំនាក់ទំនងសន្តិសុខឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៥។
ចំពេលមានការរិះគន់ក្នុងស្រុកអំពីកង្វះខាតតម្លាភាព រដ្ឋាភិបាលបានបង្ហាញផែនការសកម្មភាពនៃកិច្ចព្រមព្រៀងនោះ ជាការឆ្លើយតបទៅនឹងការអំពាវនាវពីប្រទេសនូវែលសេឡង់ ដែល Cook Islands មិនបានពិគ្រោះយោបល់ទេ ពេលធ្វើកិច្ចព្រមព្រៀងជាមួយចិន បើទោះបីជាមានទំនាក់ទំនងតាមរដ្ឋធម្មនុញ្ញក៏ដោយ។ Cook Islands មានប្រជុំកោះចំនួន ១៥ ០០០។ លោក Brown បានប្រាប់អ្នកយកព័ត៌មាន ក្រោយត្រឡប់មកពីទីក្រុងប៉េកាំងវិញថា ចិននឹងផ្តល់ជំនួយឥតសំណងចំនួន ៤លានដុល្លារមកដល់ដែនដីនេះ។
នាយករដ្ឋមន្រ្តី Cook Islands លោក Mark Brown បានប្រាប់សភាដូច្នេះថា «កិច្ចព្រមព្រៀងនោះ មិនបានជំនួសទំនាក់ទំនងយូរអង្វែងរបស់យើង ជាមួយនូវែលសេឡង់ អូស្ត្រាលី និងប្រទេសដទៃទៀតទេ ប៉ុន្តែជាការបំពេញបន្ថែម ដោយយើងនៅតែមានភាពជាដៃគូចម្រុះ»។ ដោយចង្អុលបង្ហាញពីឱកាសក្នុងវិស័យមួយចំនួន ដូចជាពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមហាសមុទ្រ លោកនាយករដ្ឋមន្រ្តី បានបន្ថែមថា «យើងកំពុងពង្រឹងការទូតសេដ្ឋកិច្ច តាមរយៈគំនិតផ្តួចផ្តើម ដូចជាភាពជាដៃគូយុទ្ធសាស្រ្តទូលំទូលាយ ជាមួយចិន»។
គួរបញ្ជាក់ថា ប្រទេសលោកខាងលិច កាន់តែព្រួយបារម្ភអំពីផែនការរបស់ចិន ក្នុងការបង្កើនឥទ្ធិពលក្នុងតំបន់ បន្ទាប់ពីទីក្រុងប៉េកាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ជាមួយបណ្តាប្រទេសប៉ាស៉ីហ្វិក ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ៕