(រីយ៉ាដ)៖ នៅថ្ងៃអង្គារនេះ ក្រុមមន្រ្តីជាន់ខ្ពស់នៃសហរដ្ឋអាមេរិកនិងរុស្ស៉ី បានជួបមុខគ្នាបើកកិច្ចប្រជុំ នៅឯទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីស្ថានភាព នៃទំនាក់ទំនង ដែលបានធ្លាក់ដុនដាបយ៉ាងខ្លាំង រវាងមហាអំណាចទាំងពីរ និងអំពីការចាប់ផ្តើមស្វែងរក ទីបញ្ចប់សម្រាប់សង្រ្គាមអូសបន្លាយ នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

កិច្ចប្រជុំខាងលើ ដែលដឹកនាំដោយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov គឺជាកិច្ចពិភាក្សាលើកដំបូងបំផុត ដែលធ្វើឡើងក្នុងកម្រិតនិងទម្រង់ខ្ពស់បែបនេះ គិតចាប់តាំងពីរុស្ស៉ីបានធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ កិច្ចសន្ទនានេះ អាចនឹងត្រួសត្រាយផ្លូវ សម្រាប់កិច្ចប្រជុំកំពូលរវាង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ថែមទៀត។

វាកើតឡើងត្រឹមតែប្រមាណជា១ខែប៉ុណ្ណោះ ក្រោយលោក ត្រាំ ត្រឡប់មកកាន់អំណាចសាជាថ្មី ហើយឆ្លុះបញ្ចាំងឱ្យឃើញ នូវ​ការប្រាសចាកឆ្ងាយ ពីគោលជំហររបស់ទីក្រុងវ៉ាស៉ីនតោន កាលពីអំឡុងរដ្ឋបាលអតីតប្រធានាធិបតី លោក ចូ បៃដិន ដែលបាន​ចៀសវាងការធ្វើប្រាស្រ័យទាក់ទងជាសាធារណៈ ជាមួយទីក្រុងមូស្គូ ក្រោមការសន្និដ្ឋានថា រុស្ស៉ីមិនមានភាពប្រាកដប្រជា អំពីការបញ្ចប់សង្រ្គាមអ៊ុយក្រែន។

គួរបញ្ជាក់ថា អ៊ុយក្រែន ដែលមិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចពិភាក្សាខាងលើ បាននិយាយថា មិនអាចមានកិច្ចព្រមព្រៀងណា ដែលធ្វើឡើងជំនួសខ្លួនឡើយ នៅទីក្រុងរីយ៉ាដ។ ដោយឡែក អឺរ៉ុបកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានទៅជួបជុំគ្នា នៅទីក្រុងប៉ារីស ដើម្បីបើកកិច្ចប្រជុំបន្ទាន់ ក្រោមគោលដៅរិះរកយុទ្ធសាស្រ្តរួបរួមមួយ បន្ទាប់ពីពួកគេ ត្រូវបានធ្វើឱ្យភ្ញាក់ផ្អើល ដោយសារតែ​​គោលនយោបាយរបស់លោក ត្រាំ ដែលជំរុញចង់បានកិច្ចចរចាភ្លាមៗ ស្តីពីអ៊ុយក្រែន ក្រោយលោកនិយាយទូរស័ព្ទជាមួយលោក ពូទីន កាលពីសប្តាហ៍មុន ទាំងមិនបានពិគ្រោះយោបល់ជាមុន ជាមួយអឺរ៉ុប ឬក៏អ៊ុយក្រែនផ្ទាល់។ លោក ត្រាំ បានអះអាងថា លោកជឿជាក់ថា លោក ពូទីន មានបំណងពិតប្រាកដ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា នៅអ៊ុយក្រែន៕