(ហុងកុង)៖ ចំនួនប្រជាជនហុងកុង បានកើនឡើង ០.១ភាគរយនៅក្នុងឆ្នាំ ២០២៤ ដល់ជាង ៧.៥៣លាននាក់ និងមានរយៈពេល ៣ឆ្នាំជាប់ៗគ្នា ដោយសារតែកំណើននៃទារកទើបនឹងកើត ក៏ដូចជាអ្នកដែលផ្លាស់មករស់នៅ ក្នុងទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុ នៅអាស៉ីមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៥។
កំណើននេះកើតមានឡើងនៅពេលទីក្រុងហុងកុង ដែលជាតំបន់រដ្ឋបាលពិសេសរបស់ចិន កំពុងព្យាយាមជំរុញសេដ្ឋកិច្ច និងស្តារឡើងវិញ នូវភាពទាក់ទាញអន្តរជាតិរបស់ខ្លួន ក្រោយបិទបញ្ចប់ច្បាប់ដ៏តឹងរ៉ឹងរយៈពេល ៣ឆ្នាំនៃវិបត្តិកូវីដ១៩ កាលពីឆ្នាំ ២០២៣។ រដ្ឋបាលហុងកុង បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ការកើនឡើង ភាគច្រើនបណ្តាលមកពីលំហូរចូលនៃមនុស្ស ២១ ០០០នាក់។ ការកើនឡើង ១១ភាគរយនៃចំនួនទារកទើបនឹងកើតដល់ ៣៦ ៧០០ទារក។
គួរបញ្ជាក់ថា ចំនួនប្រជាជនហុងកុងបានកើនឡើង ខណៈដែលចំនួនប្រជាជនចិនដីគោក បានធ្លាក់ចុះ ៣ឆ្នាំជាប់ៗគ្នា គិតមកទល់នឹងឆ្នាំ ២០២៤៕