(អាប៊ូដាប៊ី)៖ មេដឹកនាំអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃពុធនេះ បានប្រាប់ទៅរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio ថា ប្រទេសរបស់លោកបដិសេធសំណើផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន ចេញពីទឹកដីរបស់ពួកគេ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Emirati WAM។

ការលើកឡើងរបស់ប្រធានាធិបតី Sheikh Mohammed Al Nahyan កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្នើឱ្យសហរដ្ឋអាមេរិកកាន់កាប់តំបន់ហ្គាហ្សា និងតាំងទីលំនៅថ្មីរបស់ប្រជាជនប៉ាឡេស្ទីន នៅក្នុងប្រទេសហ្ស៊កដានី និងអេហ្ស៊ីបដែលបង្កឱ្យមានការប្រឆាំងយ៉ាងខ្លាំង ពីបណ្តាប្រទេសអារ៉ាប់ និងសម្ព័ន្ធមិត្តលោកខាងលិច។

ក្នុងជំនួបជាមួយលោក Rubio នៅទីក្រុង Abu Dhabi ព្រះអង្គម្ចាស់ Nahyan បាន សង្កត់ធ្ងន់ថា វាមានសារៈសំខាន់ក្នុងការភ្ជាប់ការកសាងតំបន់ហ្គាហ្សាឡើងវិញ ទៅកាន់ផ្លូវ ដែលនាំទៅដល់ «សន្តិភាពដ៏ទូលំទូលាយ និងយូរអង្វែងដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ» ចំពោះជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន។

គួរបញ្ជាក់ថា ជំហររបស់អេមីរ៉ាតអារ៉ាប់រួម (UAE) លើជម្លោះនេះ មានសារៈសំខាន់ដោយសារប្រទេសនេះ គឺជាប្រទេសអារ៉ាប់មួយក្នុងចំណោមប្រទេសអារ៉ាប់ចំនួនបួន ដែលបានធ្វើឱ្យមានទំនាក់ទំនងជាធម្មតាជាមួយអ៊ីស្រាអែល ក្នុងអំឡុងរដ្ឋបាលដំបូងរបស់ លោក ត្រាំ ហើយដោយសារតែប្រទេសនេះបានដើរតួនាទីសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដល់ការងារកសាងឡើងវិញក្រោយជម្លោះពីមុនៗ។

មេដឹកនាំ នៃប្រទេសអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី អេមីរ៉ាតអារ៉ាប់រួម និងកាតា ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីផែនការនៅទីក្រុងរីយ៉ាដក្នុងខែនេះ មុនពេលវាអាចនឹងត្រូវបានបង្ហាញដល់កិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់នៅទីក្រុងគែរ ក្នុងខែមីនា៕