(អ៊ីស្តង់ប៊ុល)៖ ប្រទេសតួកគី បានចាប់ផ្តើមការនាំចេញស៊ុត ប្រមាណ១៥,០០០តោន ទៅកាន់សហរដ្ឋអាមេរិក, ជាទីកន្លែងដែលកំពុងមានការផ្ទុះឡើង នូវជំងឺផ្តាសាយបក្សី បណ្តាលឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ នាំឱ្យតម្លៃមានការកើនឡើងខ្លាំង និងនាំឱ្យមានការពិភាក្សាជាមួយអ្នកផលិតដទៃទៀត។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក Ibrahim Afyon ប្រធានសហជីពកណ្តាលអ្នកផលិតស៊ុត (YUM-BIR) ក្នុងប្រទេសតួកគី បានប្រាប់សារព័ត៌មាន Reuters ថា ការដឹកជញ្ជូននឹងចាប់ផ្តើមនៅក្នុងខែនេះ ហើយនឹងបន្តរហូតដល់ខែកក្កដាខាងមុខ។

«ការដឹកជញ្ជូន នឹងធ្វើឡើងតាមរយៈបណ្តាក្រុមហ៊ុនសមាជិករបស់យើង ជាមួយនឹងការអនុញ្ញាតដែលត្រូវការ, ដោយមានក្រុមហ៊ុនចំនួន២ នឹងធ្វើការសម្រួលសម្រួលដំណើរការនេះ», សម្តីលោក Afyon បានលើកឡើង។

លោកបន្តថា «សរុបប្រមាណ១៥,០០០តោនស៊ុត ស្មើនឹងប្រមាណ៧០០កុងតឺន័រ នឹងត្រូវដឹកជញ្ជូន»។

សហរដ្ឋអាមេរិក បាននិងកំពុងធ្វើការដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺផ្តាសាយបក្សី ដែលបានរកឃើញដំបូង លើសត្វគោចិញ្ចឹមយកទឹកដោះ ក្នុងរដ្ឋ Texas កាលពីខែមីនា ឆ្នាំមុន ហើយចាប់ពីពេលនោះមក បានឆ្លងរីករាលដាលទៅកាន់រដ្ឋផ្សេងទៀត។ វីរ៉ុស បានឆ្លងទៅកាន់មនុស្សជិត៧០នាក់ គិតចាប់តាំងពីខែមេសាមក (ក្នុងនោះម្នាក់បានស្លាប់) ភាគច្រើនជាកម្មករ ដែលធ្វើការនៅក្នុងកសិដ្ឋានចិញ្ចឹមបក្សី ឬគោយកទឹកដោះ ដែលមានផ្ទុះជំងឺ។

គួរបញ្ជាក់ថា តួកគី បានជាប់ចំណាត់ថ្នាក់ ស្ថិតក្នុងចំណោមប្រទេសកំពូលទាំង១០ ដែលជាអ្នកនាំចេញស៊ុត នៅលើពិភពលោក។ នេះបើយោងតាមសម្តីលោក Afyon៕