(វ៉ាស៉ីនតោន)៖ ការស្ទង់មតិលើអង្គការមនុស្សធម៌ចំនួន ២៤៦ បានឱ្យដឹងថា ទីភ្នាក់ងារផ្តល់ជំនួយនៅជុំវិញពិភពលោក ខ្លះបានបិទប្រតិបត្តិការ ខ្លះទៀតបញ្ឈប់បុគ្គលិក និងការងារជួយសង្គ្រោះជីវិត រួមទាំងកុមារខ្វះអាហារូបត្ថម្ភផងដែរ ដោយសារតែគោលការណ៍ផ្អាកផ្តល់ជំនួយបរទេស របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥។
សហរដ្ឋអាមេរិក ជាអ្នកផ្តល់ជំនួយមនុស្សធម៌ដ៏ធំបំផុតមួយ និងបានផ្តល់ថវិកាប្រហែល ១៤ពាន់លានដុល្លារកាលពីឆ្នាំមុន។ ប៉ុន្តែនៅក្រោមគោលនយោបាយ «America first» របស់លោក ត្រាំ ជំនួយដែលផ្តល់តាមរយៈមូលនិធិរដ្ឋាភិបាលភាគច្រើន ត្រូវផ្អាករយៈពេល ៩០ដើម្បីត្រួតពិនិត្យឡើងវិញ។ ក្រុមប្រឹក្សាអន្តរជាតិនៃទីភ្នាក់ងារស្ម័គ្រចិត្ត ហៅកាត់ ICVA ដែលជាបណ្តាញក្នុងប្រទេសប្រហែល ១៦០ រកឃើញថា ការកាត់បន្ថយរបស់សហរដ្ឋអាមេរិក បាននាំមកនូវការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដល់ប្រជាជនដែលរងគ្រោះដោយវិបត្តិ។ ពីរភាគបីនៃក្រុមដែលត្រូវបានស្ទង់មតិ សុទ្ធតែលើកឡើងអំពីផលប៉ះពាល់ជាអវិជ្ជមាន រាប់ចាប់ពីការកាត់បន្ថយរហូតដល់ការបិទបញ្ចប់កម្មវិធីជំនួយ។
គួរបញ្ជាក់ថា ICVA មិនបានបញ្ចេញឈ្មោះស្ថាប័ន ដែលឆ្លើយតបទៅនឹងការស្ទង់មតិពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី៧ ខែកុម្ភៈនោះទេ ប៉ុន្តែគេបានដឹងថា សមាជិករបស់ ICVA ក៏រួមមានអង្គការ Save the Children, World Vision និងអង្គការ Care ផងដែរ។ ជុំវិញរបាយការណ៍នេះ ក្រសួងការបរទេសអាមេរិក មិនទាន់ឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយនៅឡើយទេ៕