(សាណា)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានយេម៉ែន លោក Moammar al-Eryani បានស្នើឱ្យមានការចាប់ខ្លួនក្រុមថ្នាក់ដឹកនាំរបស់ក្រុមហ៊ូទី ដែលនឹងមកចូលរួមពិធីបុណ្យសពអតីតមេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ដែលរៀបចំក្នុងទីក្រុងបេរូត ប្រទេសលីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥។
ពិធីបុណ្យសពលោក Nasrallah គ្រោងធ្វើឡើងនាថ្ងៃទី២៣ ខែកុម្ភៈ ហើយបើតាមសារបង្ហោះលើបណ្តាញសង្គម X លោក Eryani បានទាមទារឱ្យរដ្ឋាភិបាលលីបង់ ចាប់ខ្លួនក្រុមថ្នាក់ដឹកនាំហ៊ូទី រួចប្រគល់មកឱ្យរដ្ឋាភិបាលទីក្រុងសាណា ដែលអន្តរជាតិទទួលស្គាល់។
ហ៊ូទី មិនបានប្រកាសជាផ្លូវការទេថា ក្រុមរបស់ខ្លួននឹងចូលរួមពិធីបុណ្យសពលោក Nasrallah ប៉ុន្តែទូរទស្សន៍ Al-Masirah របស់ក្រុមនេះ បានរាយការណ៍ថា នឹងមានគណៈប្រតិភូមកពីយេម៉ែន ទៅចូលរួម។ សេចក្តីរាយការណ៍នេះ ត្រូវបានរដ្ឋមន្រ្តីក្រសួងព័ត៌មានយេម៉ែន បញ្ជាក់ថា «វត្តមានថ្នាក់ដឹកនាំនៃក្រុមភេរវករនេះ នៅក្នុងពេលវេលានេះ មិនមែនគ្រាន់តែជាការចូលរួមពិធីបុណ្យសពប៉ុណ្ណោះទេ ប៉ុន្តែជាការជួបជុំនៃក្រុមចលនាប្រដាប់អាវុធគាំទ្រដោយអ៉ឺរ៉ង់ និងដើម្បីវាយតម្លៃលើស្ថានភាពដែលពួកគេប្រព្រឹត្តកន្លងមក»។
គួរបញ្ជាក់ថា ក្រុមហ៊ូទី ដែលកំពុងគ្រប់គ្រងភាគខាងជើងយេម៉ែន បានធ្វើការវាយប្រហារច្រើនជាង ១០០លើក ទៅលើកប៉ាល់ពាណិជ្ជកម្ម នៅច្រាំងសមុទ្រនៃប្រទេសយេម៉ែន ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣។ ការវាយប្រហារនោះ បានរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក និងបង្កឱ្យមានខាតបង់ជាអន្តរជាតិ៕