(មូស្គូ)៖ កាលពីថ្ងៃពុធ ទី១៩ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា អ៊ុយក្រែននឹងមិនត្រូវផាត់ចេញទាំងស្រុង ពីការចរចាបញ្ចប់សង្រ្គាមឡើយ ប៉ុន្តែអត្រាជោគជ័យគឺអាស្រ័យទៅលើ ការបង្កើនកម្រិតជឿទុកចិត្តគ្នាទៅវិញទៅមក រវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ពូទីន បានលើកឡើងដូចខាងលើ មួយថ្ងៃបន្ទាប់ពីក្រុមមន្រ្តីរុស្ស៉ីនិងអាមេរិក បានបើកកិច្ចពិភាក្សាលើកដំបូង ដើម្បីរកមធ្យោបាយ​បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលអូសបន្លាយជិត ៣ឆ្នាំមកហើយ។ អ៊ុយក្រែននិងអឺរ៉ុប មិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចពិភាក្សានោះឡើយ ដែលប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដរបស់អារ៉ាប៊ីសាអូឌីត ជាហេតុនាំឱ្យកើនក្តីបារម្ភថា រុស្ស៉ីនិងអាមេរិក អាចនឹងសម្រេចកិច្ចព្រមព្រៀងមួយ ដែលមិនគិតគូរអំពីផលប្រយោជន៍សន្តិសុខដ៏សំខាន់ របស់ពួកគេ។

លោកប្រធានាធិបតីរុស្ស៉ី បាននិយាយថា ទីក្រុងមូស្គូមិនដែលបដិសេធបើកកិច្ចពិភាក្សា ជាមួយអឺរ៉ុបឬជាមួយទីក្រុងកៀវឡើយ ហើយពួកគេទៅវិញទេ ដែលបានបដិសេធនិយាយជាមួយរុស្ស៉ី។ លោក ពូទីន បានបន្តថា គ្មាននរណាកំពុងផាត់អ៊ុយក្រែនចេញពី​កិច្ចចរចាឡើយ ដូច្នេះហើយមិនចាំបាច់ មានការព្រួយបារម្ភជ្រុលហួសហេតុ ចំពោះកិច្ចពិភាក្សារុស្ស៉ី-អាមេរិកនោះទេ។ លោក ពូទីន បានសង្កត់ធ្ងន់ថា ប្រសិនបើមិនបង្កើនកម្រិតជឿទុកចិត្តគ្នា រវាងរុស្ស៉ីនិងអាមេរិកទេនោះ វាមិនអាចទៅរួចឡើយ ក្នុងការដោះស្រាយ​បញ្ហាជាច្រើន រួមទាំងវិបត្តិអ៊ុយក្រែន។

គួរបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានៅអារ៉ាប៊ីសាអូឌីត រុស្ស៉ីនិងអាមេរិក បានឯកភាពគ្នាតែងតាំងក្រុមការងារ ដើម្បីចរចាបញ្ហាសង្រ្គាមអ៊ុយក្រែន ហើយបានជជែកអំពីមធ្យោបាយ ដើម្បីស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ ដែលវិមានក្រឹមឡាំងបានចាត់ទុកថា ស្ថិតនៅចំណុច​ក្រោមសូន្យ កាលពីអំឡុងអាណត្តិអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន៕