(ស៉ីដនី)៖ សម្ព័ន្ធមិត្តសន្តិសុខរបស់សហរដ្ឋអាមេរិក គឺអូស្រ្តាលី ដែលបានផ្តល់ការគាំទ្រគិតជាទឹកប្រាក់ខ្ទង់ ១.៥ពាន់លានដុល្លារអូស្រ្តាលី ឬស្មើនឹងជិត ១ពាន់លានដុល្លារអាមេរិក ដល់អ៊ុយក្រែន​ ក្នុងសង្រ្គាមជាមួយរុស្ស៉ី បាននិយាយនាថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងមូស្គូគឺជាអ្នកបំផ្ទុះសង្រ្គាម ហើយឈ្លានពានលើអ៊ុយក្រែន ខណៈជម្លោះនេះ ចាំបាច់ត្រូវដោះស្រាយ​ដោយឈរលើលក្ខខណ្ឌទាមទាររបស់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក Richard Marles បាននិយាយថា សង្រ្គាមនៅអ៊ុយក្រែន បានមើលឃើញ ការបាត់បង់ជីវិត​មនុស្សយ៉ាងច្រើន ក៏ប៉ុន្តែការដោះស្រាយរកសន្តិភាព សម្រាប់ជម្លោះដ៏បង្ហូរឈាមនេះ គឺមិនអាចប្រព្រឹត្តទៅដោយឈរលើ លក្ខខណ្ឌ​បែបណាក៏បាននោះឡើយ។

លោក Marles បានលើកឡើងដូច្នេះថា «សង្រ្គាមនៅអ៊ុយក្រែន ចាំបាច់ត្រូវតែដោះស្រាយ ដោយឈរលើ លក្ខខណ្ឌកំណត់របស់​អ៊ុយក្រែន ដោយសារតែក្នុងជម្លោះនេះ គឺរុស្ស៉ីជាអ្នកបំផ្ទុះសង្រ្គាមឈ្លានពានលើគេ ហើយអ្វីដែលយើងមើលឃើញជា រឿងសំខាន់​នាពេលនេះ គឺសុក្រឹតភាពនៃសណ្តាប់ធ្នាប់ ដែលផ្អែកលើច្បាប់អន្តរជាតិ»។

លោកប្រមុខការពារជាតិអូស្រ្តាលី បានបន្តទៀតថា «យើងស្វាគមន៍ការព្យាយាមនាំមក នូវទីបញ្ចប់នៃសង្រ្គាម ប៉ុន្តែវាមិនអាចសម្រេច ដោយឈរលើលក្ខខណ្ឌអ្វីក៏បានឡើយ គឺចាំបាច់ត្រូវឈរលើ លក្ខខណ្ឌរបស់អ៊ុយក្រែនផ្ទាល់ ហើយពួកយើងនឹងបន្តគាំទ្រអ៊ុយក្រែន ក្នុងរឿងនេះ»

គួរបញ្ជាក់ថា អូស្រ្តាលី គឺជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់មួយ សម្រាប់សហរដ្ឋអាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ជាទីដែល​ប្រទេសទាំងពីរ បានបង្ហាញក្តីកង្វល់ ជុំវិញការបង្កើនឥទ្ធិពលយោធារបស់ចិន នៅក្នុងតំបន់៕