(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោករំពឹង លោក ស៉ី ជីនពីង នឹងបំពេញទស្សនកិច្ច មកកាន់សហរដ្ឋអាមេរិក ប៉ុន្តែលោក ត្រាំ មិនបានផ្តល់កាលបរិច្ឆេទ សម្រាប់ដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីចិនឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំពីមេដឹកនាំអន្តរជាតិ ធ្វើទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក លោក ត្រាំ បាននិយាយដូច្នេះថា «យើងនឹងមានអ្នកគ្រប់គ្នា ធ្វើដំណើរមកកាន់ទីនេះ (សហរដ្ឋអាមេរិក) រួមទាំងលោកប្រធានាធិបតី ស៉ី»។ លោក ត្រាំ បានបន្តទៀតថា វាក៏អាចទៅរួចផងដែរ សម្រាប់អាមេរិកនិងចិន សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ។ កិច្ចសន្ទនា ឬការធ្វើប្រាស្រ័យទាក់ទង រវាងលោក ត្រាំ និងលោក ស៉ី ត្រូវបានមើលឃើញថាជារឿងសំខាន់ សម្រាប់លទ្ធភាពនៃការបន្ធូរបន្ថយ ឬពន្យារវិធានការពន្ធពាណិជ្ជកម្ម។
គួរបញ្ជាក់ថា លើកចុងក្រោយ ដែលលោក ស៉ី បានធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក គឺកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយ ប្រធានាធិបតីអាមេរិកនាពេលនោះ គឺលោក ចូ បៃដិន ហើយជាលទ្ធផលសម្រេចបាន ការព្រមព្រៀងគ្នា បន្តការទាក់ទងរវាងយោធានិងយោធាឡើងវិញ។ វាគឺជាដំណើរទស្សនកិច្ចលើកទី៥ របស់លោក ស៉ី មកកាន់អាមេរិក ក្នុងនាមជាប្រធានាធិបតីនៃប្រទេសចិន។ មុនស្បថចូលកាន់តំណែង កាលពីថ្ងៃទី២០ ខែមករា លោក ត្រាំ ក៏បានជជែកគ្នាតាមទូរស័ព្ទ ជាមួយលោក ស៉ី ផងដែរ៕