(អាថែន)៖ នាយករដ្ឋមន្រ្តីនៃប្រទេសក្រិក លោក Kyriakos Mitsotakis បាននិយាយថា អឺរ៉ុបគួរតែភ្ញាក់ខ្លួន ហើយកសាងគោលនយោបាយការពារជាតិ បើមើលទៅលើភាពប្រែប្រួលរបស់សហរដ្ឋអាមេរិកជុំវិញបញ្ហាអ៊ុយក្រែន និងការវិវត្តនៃភូមិសាស្ត្រនយោបាយក្នុងរយៈពេលប៉ុន្មានខែនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥។
ជិត ៣ឆ្នាំនៃសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅលោក ហ្សេលេនស្គី ថាជា «ជនផ្តាច់ការ» ហើយប្រាប់ឱ្យអ៊ុយក្រែនឆាប់ទទួលយកសន្តិភាព បន្ទាប់ពីក្រុមមន្រ្តីរុស្ស៉ី និងអាមេរិក ជួបគ្នានៅអារ៉ាប៊ីសាអូឌីត ដោយគ្មានវត្តមានអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុប។
នៅឯសន្និសីទធុរកិច្ចក្នុងទីក្រុង Thessaloniki លោក Mitsotakis គូសបញ្ជាក់ថា «ការវិវឌ្ឍថ្មី និងទស្សនៈផ្ទុយពីមុន របស់អាមេរិក តម្រូវឱ្យយើងមិនត្រឹមតែប្រឈមមុខចំពោះការពិតប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្លាស់ប្តូរខ្លួនឯងក្នុងល្បឿនលឿនបំផុត រួចអនុវត្តការសម្រេចចិត្តដែលយើងបានពិភាក្សាជាយូរមកហើយ»។ លោក Mitsotakis បានចង្អុលបង្ហាញថា អឺរ៉ុបត្រូវបង្កើតគោលនយោបាយការពារជាតិ ដែលនឹងអនុញ្ញាតឱ្យខ្លួនឯងអភិវឌ្ឍជាងមុន និងកាត់បន្ថយការពឹងផ្អែកលើ សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា កន្លងមកអឺរ៉ុប ពឹងផ្អែកខ្លាំងលើកម្លាំងរបស់សហរដ្ឋអាមេរិក ក្នុងនាមជាដៃគូសន្តិសុខនៃអង្គការណាតូ (NATO) ដែលលោក ត្រាំ ទាមទារឱ្យអឺរ៉ុបចំណាយលុយលើវិស័យការពារជាតិបន្ថែម ហើយឥឡូវនេះថែមទាំងស្នើឱ្យអឺរ៉ុប បង្កើនសាច់ដុំយោធា ជុំវិញកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន នាពេលអនាគត៕