(ប៉េកាំង)៖ “ប្រទេសចិនបានបញ្ចេញសញ្ញាយ៉ាងខ្លាំងក្លា ដើម្បីលើកកម្ពស់ជំនឿចិត្តរបស់សហគ្រាសឯកជន ” “រដ្ឋាភិបាលចិនលើកទឹកចិត្ត ឱ្យសហគ្រាសឯកជនដើរតួនាទីកាន់តែធំ លើវិស័យការច្នៃប្រឌិតថ្មីបច្ចេកវិទ្យា ” “បានរក្សាសុទិដ្ឋិនិយមចំពោះ និន្នាការកំណើនថ្មីរបស់ចិន” ។ល។ ប្រព័ន្ធសារព័ត៌មាននិងអ្នកសង្កេតការណ៍បរទេស បានវាយតម្លៃព្រមៗគ្នា ចំពោះពិធីសំណេះសំណាលជាន់ខ្ពស់ ជាមួយសហគ្រាសឯកជនរបស់ប្រទេសចិន ដែលបើកធ្វើនៅថ្ងៃទី១៧ ខែកុម្ភៈ។

លើកនេះ លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួម ពិធីសំណេះសំណាល ជាមួយសហគ្រាសឯកជន និងថ្លែងសុន្ទរកថាគន្លឹះជាថ្មីម្តងទៀត បន្ទាប់ពីរំលងអស់រយៈពេលជាង៦ឆ្នាំ ។ ពិធីសំណេះសំណាលលើកនេះ មិនត្រឹមតែសង្កត់ធ្ងន់ថា គោលការណ៍ណែនាំ និងគោលការណ៍នយោបាយជាមូលដ្ឋានរបស់ចិន អំពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន មិនអាចកែប្រែ ហើយក៏មិនដែលកែប្រែទេ ថែមទាំងបានតម្រង់ទិសដៅឱ្យ សេដ្ឋកិច្ចឯកជនអភិវឌ្ឍ ប្រកបដោយបរិសុទ្ធនិងគុណភាពខ្ពស់ ផងដែរ ។

ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក អត្រារួមចំណែករបស់សេដ្ឋកិច្ចចិនទៅលើសេដ្ឋកិច្ចពិភពលោក បានរក្សានៅកម្រិតប្រហែល៣០ភាគរយ ក្នុងរយៈពេលយូរ។ ក្នុងនោះ សេដ្ឋកិច្ចឯកជនបានដើរតួនាទីដ៏សំខាន់ ។ អ្នកផងទាំងពួង តែងតែប្រើលេខ “៥៦៧៨៩”ពិពណ៌នាពីសារសំខាន់របស់សេដ្ឋកិច្ចឯកជនចិន ពោលគឺ បានរួមចំណែកពន្ធគយលើសពី ៥០ភាគរយ ផលិតផលក្នុងស្រុកសរុបលើសពី ៦០ភាគរយ សមិទ្ធផលខាងការច្នៃប្រឌិតថ្មីបច្ចេកវិទ្យាលើសពី៧០ភាគរយ ផ្តល់ឱកាសការងារនៅតាមទីក្រុងនិងឃុំស្រុក លើសពី៨០ភាគរយ និងមានសហគ្រាសចំនួនលើសពី៩០ភាគរយ ។ អនុបាតមានកម្រិតខ្ពស់ប៉ុណ្ណឹង បានបង្ហាញឱ្យឃើញថា ការអភិវឌ្ឍដ៏ល្អបរិសុទ្ធនិងប្រកបដោយគុណភាពខ្ពស់ របស់សេដ្ឋកិច្ចឯកជនចិន មានសារសំខាន់ណាស់។

ព្រមពេលជាមួយគ្នានេះ មជ្ឈដ្ឋានខាងក្រៅក៏បានចាប់អារម្មណ៍ថា ពិធីសំណេះសំណាលជាមួយសហគ្រាសឯកជនលើកនេះ ក៏មានខ្លឹមសារអំពីវិទ្យាសាស្ត្រនិងបច្ចេកទេសយ៉ាងច្រើន កម្រិតច្នៃប្រឌិតថ្មីរបស់សហគ្រាស ដែលបានចូលរួម ពិធីសំណេះសំណាល់ឈាន នៅលំដាប់នាំមុខលើពិភពលោក។ ស្ថាប័នសិក្សាស្រាវជ្រាវខ្លះបានលើកឡើងថា បើប្រៀបធៀននឹង ពិធីសំណេះសំណាលកាលពីឆ្នាំ២០១៨អាចឃើញថា សហគ្រាសដែលចូលរួម ពិធីសំណេះសំណាលលើកនេះ ភាគីច្រើនមកពីវិស័យដូចជាថាមពលថ្មី រថយន្ត វត្ថុពាក់កណ្ដាលចម្លង មនុស្សយន្ត ការប្រើប្រាស់អេឡិចត្រូនិក បណ្តាញអ៊ីនធឺណែត និងបញ្ញាសប្បនិម្មិតជាដើម អនុបាតរបស់មុខរបរវិទ្យាសាស្ត្រនិងបច្ចេកទេស ត្រូវបានលើកកម្ពស់ ថែមមួយកម្រិតទៀត ដូច្នេះឋានៈខ្សែសង្វាក់របស់មុខរបរវិទ្យាសាស្ត្រនិងបច្ចេកទេស ក៏បានលើកកម្ពស់ថែមមួយកម្រិតទៀតផង។

អាចប៉ាន់ប្រមាណថា សហគ្រាសឯកជនចិនមានសង្ឃឹមក្លាយជាកម្លាំងដ៏សំខាន់ សម្រាប់បង្កើតជាថ្មីម្តងទៀតនូវនិម្មាបនកម្ម ច្នៃប្រឌិតថ្មី របស់ឧស្សាហកម្មសកល។ មានអ្នកវិភាគ បានលើកឡើងថា ភាពជោគជ័យរបស់កម្មវិធី DeepSeek ប្រហែលនឹងក្លាយជាកត្តាជំរុញសម្រាប់ឱ្យប្រទេសចិន ជំរុញការច្នៃប្រឌិតថ្មីបច្ចេកវិទ្យារបស់សហគ្រាសឯកជន បន្ថែមមួយកម្រិតទៀត ។ នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Goldman Sachs ធនាគារ Deutsche និងធនាគារ HSBC ជាដើមបាននាំគ្នាថ្លែងថា មានសុទិដ្ឋិនិយមចំពោះអនាគតអភិឌ្ឍន៍ របស់ឧស្សាហកម្មវិទ្យាសាស្ត្រ និងបច្ចេកទេសរបស់ប្រទេសចិន ហើយក៏មានជំនឿចិត្តចំពោះទីផ្សារចិនផងដែរ។

មកនិយាយពីពាណិជ្ជកម្មជាមួយបរទេសវិញម្ដង នៅឆ្នាំ២០២៤ អនុបាតទំហំនាំចេញនាំចូលរបស់សហគ្រាសឯកជន ក្នុងទំហំនាំចេញនាំចូលសរុបរបស់ប្រទេសចិន បានកើនឡើងពី ៤៣,៣ភាគរយកាលពីឆ្នាំ២០១៩ ឡើងដល់៥៥,៥ភាគរយ បានរក្សាឋានៈអង្គភាពធ្វើពាណិជ្ជកម្មជាមួយបរទេសធំជាងគេ របស់ប្រទេសចិនក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចដ៏សំខាន់ ក្នុងពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ការអភិវឌ្ឍនៃសហគ្រាសឯកជន នឹងរួមចំណែកថែមមួយកម្រិតទៀត ក្នុងការលំនឹងខ្សែសង្វាក់ផ្គង់ផ្គង់សកល។

នៅចុងឆ្នាំ២០២៤ សេចក្តីព្រាងច្បាប់ស្តីពីការជំរុញសេដ្ឋកិច្ចឯកជន ដែលជាច្បាប់មូលដ្ឋានរបស់ប្រទេសចិនមុនគេបង្អស់ អំពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន បានដាក់ជូន សន្និសីទគណៈកម្មាធិការ សភាតំណាងប្រជាជនចិនពិនិត្យពិភាក្សា។ ជឿជាក់ថា យោងតាមបរិយាកាសប្រកបអាជីវកម្ម ត្រូវបានកែលំអជាបន្តបន្ទាប់ “អនាគតអភិវឌ្ឍន៍របស់សេដ្ឋកិច្ចឯកជន នឹងមានភាពកាន់តែទូលំទូលាយ និងពន្លឺភ្លឺស្វាង ចំពេលសម្រាប់ឱ្យសហគ្រាសឯកជន និងសហគ្រិនឯកជនបង្ហាញជំនាញ និងស្នាដៃរបស់ខ្លួន។” “ជំនឿចិត្តរបស់ចិន” បែបនេះនឹងនាំមក នូវភាពរីកលូតលាស់ នៃនិទាឃរដូវទៅកាន់ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន