(ម៉ូស្គូ)៖ វិមានក្រឹមឡាំង បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា លទ្ធភាពនៃការផ្លាស់ប្តូរអ្នកទោសថ្មី រវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក កំពុង«ស្ថិតនៅក្នុងរបៀបវារៈ»។ ការលើកឡើងនេះ ធ្វើឡើងក្រោយពីទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានព្រមព្រៀងចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារទំនាក់ទំនងនៅគ្រប់កម្រិតឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលត្រូវបានអ្នកសារព័ត៌មាន សួរអំពីលទ្ធភាពនៃដោះដូរអ្នកទោសថ្មី បានឆ្លើយថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីកាលពីថ្ងៃអង្គារ នៅទីក្រុងរីយ៉ាដ បានរួមចំណែកដល់ការស្តារឡើងវិញនូវទំនាក់ទំនងទូទៅ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។

គួរបញ្ជាក់ថា ការលើកឡើងអំពីលទ្ធភាព នៃការដោះដូរអ្នកទោស រវាងរុស្ស៊ី និងអាមេរិក នាពេលនេះ កើតឡើងក្រោយការដោះដូរអ្នកទោសដ៏ធំមួយ កាលពីខែសីហា ឆ្នាំមុន ដែលមានការចូលរួមពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ន័រវេស ស្លូវេនី រុស្ស៊ី និងបេឡារុស្ស។ ក្នុងចំណោម អ្នកទោសដែលត្រូវបានដោះលែងពេលនោះ គឺលោក Evan Gershkovich អ្នកកាសែត Wall Street Journal ដែលត្រូវបានចោទប្រកាន់ពី បទចារកម្មនៅរុស្ស៊ី ជាការចោទប្រកាន់ដែលត្រូវបានបដិសេធ

យ៉ាងហោចណាស់ មានជនជាតិអាមេរិកចំនួន ១០ នាក់កំពុងស្ថិតក្រោមការឃុំឃាំង នៅក្នុងប្រទេសរុស្ស៊ី រួមទាំងពីរនាក់ដែលត្រូវបានទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា «ឃុំខ្លួនដោយខុសច្បាប់»។ ប៉ុន្មានថ្ងៃមុនកិច្ចប្រជុំ នៅរដ្ឋធានីអារ៉ាប៊ីសាអូឌីត ទីក្រុងម៉ូស្គូបានដោះលែងពលរដ្ឋអាមេរិកម្នាក់ឈ្មោះ Kalob Byers។

កាលពីដើមខែនេះ រុស្ស៊ីបានដោះលែង លោក Marc Fogel ដែលជាគ្រូបង្រៀន ជនជាតិអាមេរិក ដែលជាប់ពន្ធនាគាររយៈពេល ១៤ ឆ្នាំ ពីបទរត់ពន្ធគ្រឿងញៀន បន្ទាប់ពីត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានទីក្រុងម៉ូស្គូ ជាមួយនឹងកញ្ឆាមួយចំនួន តូច។ លោក Fogel ត្រូវបានដោះលែង ជាថ្នូរនឹងលោក Alexander Vinnik ដែលជាមេខ្លោងឧក្រិដ្ឋកម្ម តាមអ៊ីនធឺណិតជនជាតិរុស្ស៊ី ដែលបានសារភាពកំហុស ក្នុងការលាងលុយកខ្វក់ បន្ទាប់ពីត្រូវបានធ្វើបត្យាប័នពីប្រទេសក្រិក៕