(វ៉ាស៊ីនតោន)៖ ផែនការរ​បស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន រួមទាំងការអត្ថាធិប្បាយរបស់លោកកន្លងមកនេះហាក់ដូចជាបង្ហាញថាលោកបានត្រៀមអំណោយដ៏ធំ មួយសម្រាប់រុស្ស៉ី ដោយទុកឱ្យទីក្រុងកៀវ និងសម្ព័ន្ធមិត្តនៅអឺរ៉ុបនៅជ្រុងម្ខាង ខណៈពួកគេកំពុងប្រឈមមុខនឹងលទ្ធភាពដែលកិច្ចព្រមព្រៀងសន្តិភាពមួយអាចនឹងធ្វើឡើងដោយមិនមានការចូលរួមរបស់ពួកគេ។ ប៉ុន្តែ មិនមែនមានតែអ៊ុយក្រែន និងអឺរ៉ុបទេដែលកំពុងឈឺក្បាល និងរិះរកវិធីដោះស្រាយផលប៉ះពាល់ដែលអាចនឹងកើតចេញពីការងាករបស់លោក ត្រាំ ទៅរករុស្ស៉ី ជាមួយការបិទបញ្ចប់គោលនយោបាយ ការបរទេសអាមេរិកចំពោះសន្តិភាពនៅអ៊ុយក្រែនជាច្រើនឆ្នាំមកនេះ។

នៅឯទីក្រុងប៉េកាំងឯណោះវិញ ការផ្លាស់ប្ដូរគោលជំហរយ៉ាងទាន់ហន់របស់លោក ត្រាំ បាន និងកំពុងបង្កជាការចោទសួរថាតើការស្វែងរកសន្តិភាពរបស់សហរដ្ឋអាមេរិក នឹងបង្កផលប៉ះពាល់យ៉ាងដូចម្ដេចខ្លះ ដល់ការគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្នរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងទំនាក់ទំនងជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ព្រមទាំងទំនាក់ទំនងមិនច្បាស់លាស់របស់ប៉េកាំងជាមួយរដ្ឋបាលលោក ត្រាំ? កាលពីប៉ុន្មានសប្ដាហ៍មុន ចិនត្រូវបានគេមើលឃើញថាអាចមានតួនាទីដ៏សំខាន់ក្នុងផែនការសន្តិភាពរបស់លោក ត្រាំ។ មេដឹកនាំអាមេរិកបានលើកឡើងម្ដងហើយម្ដងទៀតថារូបលោកអាចនឹងធ្វើការ ជាមួយលោក ស៊ី ជីនពីង ដោយប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចរបស់ចិនលើរុស្ស៉ី ដើម្បីជួយបញ្ចប់សង្រ្គាម ហើយនេះក៏ជាប្រយោជន៍សម្រាប់ប៉េកាំងដែរ ខណៈកំពុងព្យាយាមបញ្ចៀសសង្រ្គាមពាណិជ្ជកម្មជាមួយ សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ យ៉ាងហោចណាស់គិតត្រឹមពេលនេះ ចិនបែរជាគ្មានវត្តមាននៅឯកិច្ចចរចាក្នុងនាមជាសម្ព័ន្ធមិត្តមួយរបស់រុស្ស៉ីទៅវិញ។

ចិន និងរុស្ស៉ី កាលពីអតីតកាលធ្លាប់ជាគូសត្រូវស៊ីសាច់ហុចឈាមនឹងគ្នា រហូតដល់ផ្ទុះទៅជាជម្លោះប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំង២ ក្នុងឆ្នាំ១៩៦៩ ហើយរហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០ ទើបជម្លោះត្រូវបានដោះស្រាយ។ អំឡុងសម័យសង្រ្គាមត្រជាក់ អតីតប្រធានាធិបតីអាមេរិក លោក Richard Nixon និងទីប្រឹក្សារបស់លោក គឺអតីតរដ្ឋមន្ត្រីការបរទេស លោក Henry Kissinger បានទាញយក ប្រយោជន៍ពីការបែកបាក់ និងជម្លោះរវាងចិន និងសូវៀត តាមរយៈការបង្កើតទំនាក់ទំនងការទូតជាមួយប៉េកាំង ដែលបានជួយទាញតុល្យភាពអំណាចឱ្យផ្អៀងមកខាងសហរដ្ឋអាមេរិក។ ទោះបីជាប្រវត្តិសាស្ត្រ បែបនេះទំនងជានឹងមិនអាចកើតឡើងម្ដងទៀតក៏ដោយ ក៏ក្រុមអ្នកវិភាគខ្លះយល់ថាការបង្កើតការសង្ស័យណាមួយក្នុងទំនាក់ទំនងចិន និងរុស្ស៉ី គឺជាប្រយោជន៍ដ៏ធំមួយសម្រាប់សហរដ្ឋអាមេរិក។ លោកស្រី Yun Sun ជានាយកកម្មវិធីចិននៃវិទ្យាស្ថាន Stimson Center មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា «ទោះជាត្រឹមកម្រិត ៣០ភាគរយនៃការប្ដូរទិសដៅដូចជាលោក Nixon...ក៏វានឹងបណ្ដុះគ្រាប់ពូជនៃ ការសង្ស័យ។ ពោលយ៉ាងហោចណាស់ វាអាចធ្វើឱ្យលោក ស៊ី ជីនពីង សង្ស័យ ឬចោទសួរអំពីទំនាក់ទំនងយុទ្ធសាស្ត្រដែលលោកបានចំណាយពេល ១២ឆ្នាំ ដើម្បីកសាងជាមួយរុស្ស៉ីថាប្រហែលជាមិនអាចពឹង ផ្អែកបាន ឬក៏ប្រហែលជាមិនរឹងមាំឡើយ»។ លោកស្រីបន្ថែមថា «ប្រសិនបើថ្ងៃណាមួយ ចិនសម្រេចចិត្តវាយតៃវ៉ាន់ មេដឹកនាំចិនប្រហែលជាមានតែសម្លឹងមើលខ្នងរុស្ស៉ី ហើយចោទថាសួរថាតើរុស្ស៉ីនឹងធ្វើអ្វី? ហើយដែលនេះសម្រាប់សហរដ្ឋអាមេរិក វាជាការកំញើញមួយ»។

ក៏ប៉ុន្តែ អ្នកវិភាគផ្សេងទៀតដូចជាលោក Yu Bin មកពីមជ្ឈមណ្ឌលសិក្សាពីរុស្ស៉ីនៃសាកលវិទ្យាល័យ East China Normal University ក្នុងទីក្រុងសៀងហៃ បាននិយាយថាទីក្រុងប៉េកាំងមានទំនុកចិត្តយ៉ាងរឹងមាំ លើទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៉ី។ តាមអ្នកវិភាគរូបនេះ ចិន និងរុស្ស៉ី មានទំនាក់ទំនងរឹងមាំនឹងគ្នាអស់ពេលជាច្រើនទសវត្សរ៍មកនេះ ហើយភាពរឹងមាំនេះត្រូវបានពង្រឹងបន្ថែមដោយកិច្ចប្រឹងប្រែងរបស់ ប្រទេសទាំង២ ក្នុងការជំរុញប្រព័ន្ធពហុភាគី និងការកសាងប្លុកដូចជា BRICS និងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (Shanghai Cooperation Organization) រួមទាំងតម្រូវការចាំបាច់ដើម្បីរក្សាស្ថិរភាព ព្រំដែនរវាងប្រទេសទាំង២។ លោក Yu Bin បានគូសបញ្ជាក់ថាលោកផ្ទាល់មិនជឿនោះទេថាទាំងចិន និងរុស្ស៉ី នឹងបណ្ដោយឱ្យទំនាក់ទំនងរង្គោះរង្គើរដោយសារតែអាណត្តិជាប្រធានាធិបតីអាមេរិកត្រឹម៤ឆ្នាំ របស់លោក ត្រាំ។ តែសម្រាប់លោក Yu Bin ផ្ទុយទៅវិញអ្វីដែលចិនកំពុងព្រួយបារម្ភ នោះគឺនៅពេលដែលរុស្ស៉ី និងសហរដ្ឋអាមេរិក អាចដោះស្រាយបញ្ចប់ការខ្វែងគំនិតគ្នា ឬរហូតឈានដល់ការសម្រេចបាន សន្តិភាពណាមួយនៅអ៊ុយក្រែន វានឹងផ្ដល់សេរីភាពកាន់តែទូលំទូលាយដល់រដ្ឋបាលលោក ត្រាំ ដើម្បីផ្ដោតលើចិន។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានគូសបញ្ជាក់កាលពីពេលថ្មីៗប្រាប់សមាភាគីអឺរ៉ុបថាសហរដ្ឋអាមេរិក មិនអាចបន្តផ្ដោតជាអាទិភាពចម្បងលើសន្តិសុខរបស់អឺរ៉ុបតទៅទៀតឡើយ ព្រោះត្រូវ ប្រមូលផ្ដុំការផ្ដោតលើការប្រកួតប្រជែង និងកំញើញទប់ស្កាត់កុំឱ្យសង្រ្គាមជាមួយចិនផ្ទុះឡើង។ តាមពិតទៅ ប្រសិនបើលោក ត្រាំ មិនអាចទំនាក់ទំនងដោយផ្ទាល់ជាមួយលោក ពូទីនទេ ម្ល៉េះប៉េកាំងប្រហែលជា អាចព្យាយាមបន្ធូរបន្ថយភាពប្រេះឆាខ្លះៗជាមួយសហរដ្ឋអាមេរិក តាមរយៈការធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោន បញ្ចុះបញ្ចូលឱ្យលោក ពូទីន ត្រឡប់មកតុចរចា។ ប៉ុន្តែ ឥលូវ វាមិនច្បាស់ទេថាតើចិនអាចនឹងមាន កន្លែងអង្គុយ ដែរឬក៏យ៉ាងណា ក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន នៅពេលអនាគត?

យ៉ាងនេះក្ដី ក្រុមអ្នកវិភាគបាននិយាយថាប្រសិនបើមានការឈានដល់កិច្ចព្រមព្រៀងសន្តិភាព ប៉េកាំងអាចនឹងបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់អ៊ុយក្រែន ក្រោមឆត្រអង្គការសហប្រជាជាតិ ដើម្បីអាច មានចំណែកក្នុងការចូលរួមកសាងអ៊ុយក្រែនឡើងវិញ។ បច្ចុប្បន្ន ចិនកំពុងព្យាយាមស្ដារទំនុកចិត្តជាមួយអឺរ៉ុបឡើងវិញ ជាមួយការចេញផ្សាយសេចក្ដីថ្លែងការណ៍ជាសាធារណៈដោយអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ និងអ្នកមានចំណែកទាំងអស់ក្នុងសង្រ្គាមអ៊ុយក្រែន មានវត្តមាននៅឯកិច្ចចរចាសន្តិភាព ដែលនេះជាការបង្ហាញការគាំទ្រដល់សិទ្ធិរបស់អឺរ៉ុបដើម្បីមានកៅអីអង្គុយនៅឯតុចរចា។ ព្រមពេលជាមួយគ្នា ចិនក៏សម្លឹង ឃើញការចាប់យកឱកាសដើរនាទីយ៉ាងសំខាន់ និងបង្ហាញឱ្យគេគ្រប់គ្នាបានឃើញផងដែរថាការងាករបស់លោក ត្រាំ ទៅរកលោក ពូទីន បានបញ្ជាក់ថាគោលជំហររបស់ប៉េកាំងនាពេលកន្លងមក គឺត្រឹមត្រូវ។

គួរបញ្ជាក់ថា នៅឯសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៨ ខែកុម្ភៈ លោកប្រធានាធិបតី ហ្សេលេនស្គី បាននិយាយថាវាពិតជាមានសារៈសំខាន់សម្រាប់អ៊ុយក្រែនត្រូវចូលរួមជាមួយចិន ក្នុងការដាក់សម្ពាធលើលោក ពូទីន ដើម្បីបញ្ចប់សង្រ្គាម។ នៅពេលត្រូវបានសាកសួរថាតើនរណាខ្លះគួរតែមានវត្តមាននៅឯតុចរចា លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថាគួរតែជាបណ្ដាប្រទេសដែលត្រៀមខ្លួនជាស្រេច ក្នុងការធានាសន្តិសុខ ផ្ដល់ជំនួយ បញ្ឈប់លោក ពូទីន និងវិនិយោគលើការកសាងអ៊ុយក្រែនឡើងវិញ៕