(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានចេញបញ្ជាឱ្យយោធាបង្កើនការដឹកនាំប្រតិបត្តិការនៅក្នុងតំបន់ West Bank បន្ទាប់ពីមានហេតុការណ៍ បំផ្ទុះលើរថយន្ដក្រុងជាច្រើនគ្រឿង ស្ថិតនៅជាយទីក្រុង Tel Aviv កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ដែលត្រូវបានការិយាល័យលោក Netanyahu ចាត់ទុកថាជាការប៉ុនប៉ងវាយប្រហារ ទ្រង់ទ្រាយធំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់នោះទេ។ បើតាមប៉ូលិសអ៉ីស្រាអែល មានហេតុការណ៍កើតឡើងលើរថយន្ដក្រុង ៣គ្រឿង នៅជាយទីក្រុង Tel Aviv ហើយគ្រាប់បែកចំនួន ៤គ្រាប់ ត្រូវបានរកឃើញ។ ប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល ក៏បានរាយការណ៍ដែរថាមានហេតុការណ៍ផ្ទុះលើរថយន្ដនៅឯចំណតរថយន្ដក្រុង ដោយមិនមានមនុស្សនៅលើរថយន្តទាំងនោះឡើយ។

ភ្លាមៗ មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះហេតុការណ៍ផ្ទុះនេះនោះទេ។ តែលោក Netanyahu បានចេញបញ្ជាឱ្យយោធាបង្កើនការដឹកនាំប្រតិបត្តិការនៅក្នុងតំបន់ West Bank ជាទីដែលយោធាអ៉ីស្រាអែល បាន និងកំពុងដឹកនាំប្រតិបត្តិការយោធាទ្រង់ទ្រាយធំស្រាប់ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនជាច្រើនខែមកនេះ៕