(កង់បេរ៉ា)៖ នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong បានបង្ហាញក្តីកង្វល់ ជុំវិញការធ្វើសមយុទ្ធបាញ់គ្រាប់ពិត របស់ក្រុមនាវាយោធាចិន៣គ្រឿង ដែលមានវត្តមាននៅក្បែរឆ្នេរភាគខាងកើត នៃប្រទេសអូស្រ្តាលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោកស្រី Wong បាននិយាយថា លោកស្រីព្រួយបារម្ភអំពីការខ្វះតម្លាភាព ជុំវិញការធ្វើសមយុទ្ធបាញ់គ្រាប់ពិត របស់ក្រុមនាវាយោធាចិន ហើយលោកស្រី នឹងលើកឡើងអំពីក្តីកង្វល់នេះ ជាមួយទីក្រុងប៉េកាំង។ សកម្មភាពធ្វើលំហាត់យោធារបស់ចិន បានជំរុញឱ្យទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អូស្រ្តាលី ជូនដំណឹងឱ្យជើងហោះហើរពាណិជ្ជកម្ម បង្កើនការប្រុងប្រយ័ត្ន ហើយ​បង្ខំឱ្យជើងហោះហើរខ្លះ ត្រូវបានផ្លាស់ប្តូរផ្លូវធ្វើដំណើរ ថែមទៀត។

គួរបញ្ជាក់ថា ក្រសួងការពារជាតិអូស្រ្តាលី បានតាមឃ្លាំមើលនាវាយោធាចិនទាំង៣គ្រឿង ចាប់តាំងពីពួកវាត្រូវបានប្រទះឃើញ នៅក្នុងដែនទឹកអន្តរជាតិ កាលពីខែសប្តាហ៍មុន ក្បែរប្រទេសអូស្រ្តាលី។ ទោះស្ថិតក្នុងដែនទឹកអន្តរជាតិក៏ដោយ ក្រុមមន្រ្តីអូស្រ្តាលី ចាត់ទុកថា វត្តមានរបស់ពួកវា គឺជារឿងខុសពីប្រក្រតី។ កាលពីប៉ុន្មានថ្ងៃមុន ក្រុមនាវាយោធាចិន ត្រូវបានរាយការណ៍ថា ស្ថិតនៅចម្ងាយប្រហែលជិត ៣០០គីឡូម៉ែត្រ ពីឆ្នេររបស់ប្រទេសអូស្រ្តាលី៕