(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃសុក្រនេះថា កងកម្លាំងរបស់ខ្លួនបាន គ្រប់គ្រងភូមិចំនួន ៣បន្ថែមទៀតក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន។ ភូមិទាំង៣នោះ រួមមាន Nadiivka, Novosilka និង Novoocheretuvate។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទោះបីជា រុស្ស៊ីបានចាប់ផ្តើមកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ស្តីពីការបញ្ចប់សង្គ្រាមក៏ដោយ ក៏កងកម្លាំងរបស់ខ្លួននៅតែបន្តធ្វើការរុលទៅមុខបន្តិចម្តងៗក្នុងតំបន់ Donetsk ដែលជាតំបន់ទីប្រជុំជន និងឧស្សាហកម្មដ៏សំខាន់។ ផ្នែកខ្លះនៃតំបន់នេះត្រូវបានគ្រប់គ្រងដោយក្រុមគាំទ្ររុស្ស៊ី តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២២ រុស្ស៊ីបានប្រកាសដាក់បញ្ចូលតំបន់ Donetsk និងតំបន់អ៊ុយក្រែនចំនួនបីផ្សេងទៀត ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ទោះបីជាកងកម្លាំងរបស់ប្រទេសនេះ មិនបានគ្រប់គ្រងតំបន់ទាំងនោះ ទាំងស្រុងក៏ដោយ។ ទង្វើនេះត្រូវបានថ្កោលទោសថា ខុសច្បាប់ដោយប្រទេសភាគច្រើន នៅអង្គការសហប្រជាជាតិ៕