(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃសុក្រនេះ បានគំរាមធ្វើឱ្យក្រុមហាម៉ាស់ «បង់ថ្លៃ» ក្រោយមានការចោទប្រកាន់ថា ក្រុមនេះបានប្រគល់សាកសពខុស ជំនួសឱ្យចំណាប់ខ្មាំងអ្នកស្រី Shiri Bibas។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ៊ីស្រាអែលអះអាងថា សាកសពដែលបានប្រគល់មកវិញ កាលពីថ្ងៃព្រហស្បតិ៍ មិនមែន ជារបស់អ្នកស្រី Bibas ដែលត្រូវបានចាប់ពង្រត់ ជាមួយកូនប្រុសពីរនាក់ គឺ Kfir និង Ariel អំឡុង ការវាយប្រហារកាលពីថ្ងៃទី ៧ តុលានោះទេ។

ទោះជាយ៉ាងណា មន្ត្រីហាម៉ាស់អះអាងថា បញ្ហានេះប្រសិនបើពិតមែន នេះក៏ដោយសារតែអដ្ឋិធាតុរបស់អ្នកស្រី Bibas ត្រូវបានលាយឡំ ជាមួយអដ្ឋិធាតុផ្សេងទៀត ក្រោយត្រូវកប់ក្នុងគំនរបាក់បែក ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ក្រុមហាម៉ាស់ ធ្លាប់បានអះអាងកាលពី ខែវិច្ឆិកាថា អ្នកស្រីនិងកូនៗ បានស្លាប់ ក្នុងការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល។

លោក Netanyahu មិនបានបញ្ជាក់ពីវិធានការសងសឹកទេ ប៉ុន្តែបានថ្លែងថា «យើង នឹង... ធានាថាក្រុមហាម៉ាស់បង់ថ្លៃពេញ»។ ទន្ទឹមនឹងការព្រមានេះ អ៊ីស្រាអែលបានបង្កើនប្រតិបត្តិការយោធានៅតំបន់ West Bank ក្រោយមានការផ្ទុះជាច្រើននៅជិតទីក្រុង Tel Aviv។

គួរបញ្ជាក់ថា ភាពចម្រូងចម្រាសជុំវិញការប្រគល់សាកសពចំណាប់ខ្មាំង បានធ្វើឱ្យ បទឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាស់ កាន់តែផុយស្រួយ។ ការគំរាមសងសឹក របស់លោក Netanyahu និងការកើនឡើងនៃសកម្មភាពយោធា នៅ West Bank បង្ហាញពីហានិភ័យនៃការកើនឡើងវិញនូវអំពើហិង្សា៕