(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី២១ ខែកុម្ភៈ បាននិយាយថា ប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្រ្តីអង់គ្លេស លោក Kier Starmer មិនបានធ្វើអ្វីដើម្បីជួយបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC។
ការរិះគន់ខាងលើធ្វើឡើង មុនពេលលោក ត្រាំ ត្រូវទទួលជួបមេដឹកនាំទាំងពីរ នៅសេតវិមាន ក្នុងសប្តាហ៍ក្រោយ។ លោក Macron ត្រូវបានរំពឹងថា បំពេញទស្សនកិច្ចមកកាន់ ទីក្រុងវ៉ាស៉ីនតោននាថ្ងៃចន្ទ ខណៈលោក Starmer នឹងមកនៅថ្ងៃព្រហស្បតិ៍។ លោក Starmer ក្នុងសប្តាហ៍នេះ បាននិយាយថា រូបលោកត្រៀមខ្លួនជាស្រេច ដើម្បីបញ្ជូនកងទ័ពអង់គ្លេស ទៅកាន់អ៊ុយក្រែន ដើម្បីជួយធានាសន្តិសុខ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពណាមួយ ដែលអាចសម្រេចបាន។
ចាប់តាំងពីរុស្ស៉ីបានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ចក្រភពអង់គ្លេស បារាំង និងសម្ព័ន្ធមិត្តដទៃទៀត បាននាំគ្នាជួយផ្គត់ផ្គង់សព្វាវុធ និងជំនួយផ្សេងៗដល់ទីក្រុងកៀវ។ សហរដ្ឋអាមេរិក រួមជាមួយអង់គ្លេស និងសហភាពអឺរ៉ុប ព្រមទាំងបណ្តាប្រទេសដូចជាអូស្រ្តាលី កាណាដា និងជប៉ុន បាននាំគ្នាដាក់ទណ្ឌកម្មសរុបច្រើនជាង ២០ ០០០ទណ្ឌកម្ម លើរុស្ស៉ី ដោយសារសង្រ្គាមឈ្លានពាននេះ។
គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ បណ្តាមេដឹកនាំអឺរ៉ុប បានបើកកិច្ចប្រជុំបន្ទាន់ស្តីពីអ៊ុយក្រែន ស្របពេលដែលអាមេរិក បានចាប់ផ្តើមការពិភាក្សាជាមួយរុស្ស៉ី នៅអារ៉ាប៊ីសាអូឌីត ស្តីពីការស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាមនៅអ៊ុយក្រែន ជាហេតុនាំឱ្យមានក្តីបារម្ភថា អឺរ៉ុបនិងអ៊ុយក្រែនផ្ទាល់ អាចនឹងត្រូវផាត់ចេញទាំងស្រុង ពីកិច្ចចរចាសន្តិភាព៕