(ដាម៉ាស)៖ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ យន្តហោះចម្បាំងអ៉ីស្រាអែល បានវាយប្រហារលើទីក្រុងមួយ នៅភាគខាងត្បូងរដ្ឋធានីដាម៉ាស ក៏ដូចជាខេត្ត Daraa នៅភាគខាងត្បូងនៃប្រទេសស៉ីរី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៥។
តាមប្រភពសន្តិសុខ និងទូរទស្សន៍ស៉ីរី យន្តហោះចម្បាំងអ៉ីស្រាអែលបានវាយប្រហារទីក្រុង Kisweh ប្រហែល ២០គីឡូម៉ែត្រ ដោយទីតាំងយោធាមួយត្រូវបានកំណត់គោលដៅ។ ចំណែកអ្នកស្រុកនិយាយថា ការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែលបន្ថែមទៀត បានធ្វើឡើងនៅទីក្រុងមួយនៃខេត្ត Daraa ភាគខាត្បូងប្រទេសស៉ីរី។
អ្នកនាំពាក្យរបស់រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល បានបញ្ជាក់ថា «កងទ័ពអាកាស កំពុងវាយលុកខ្លាំងនៅភាគខាងត្បូងស៉ីរី ដែលជាផ្នែកមួយនៃគោលនយោបាយថ្មី ដែលយើងដាក់គោលដៅធ្វើឱ្យស៊ីរីភាគខាងត្បូងមានសភាពស្ងប់ស្ងាត់ ហើយសារនេះគឺជាសារយ៉ាងច្បាស់ថា យើងនឹងមិនអនុញ្ញាតឱ្យភាគខាងត្បូងស៉ីរី ក្លាយជាលីបង់ភាគខាងត្បូងឡើយ»។ លោកបន្ថែមថា «ការប៉ុនប៉ងណាមួយដោយកងកម្លាំងនៃរបបស៉ីរី និងអង្គការភេរវករក្នុងប្រទេសនេះ ដើម្បីបង្កើតខ្លួននៅក្នុងតំបន់ភាគខាងត្បូងស៉ីរី នឹងត្រូវកម្ទេច»។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu បាននិយាយថា អ៉ីស្រាអែល នឹងមិនបណ្តោយឱ្យមានវត្តមានក្រុម HTS ឬកងកម្លាំងផ្សេងទៀតដែលមានទំនាក់ទំនងជាមួយមេដឹកនាំថ្មី នៅភាគខាងត្បូងស៉ីរីឡើយ ហើយបានទាមទារគ្រប់គ្រងតំបន់គ្មានយោធាមួយនេះ៕