(មូស្គូ)៖ ក្រុមមន្រ្តីរុស្ស៉ី បានឱ្យដឹងនៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ នេះថា អ៊ុយក្រែនបើកបានការវាយប្រហារពេញមួយយប់ ដោយប្រើប្រាស់យន្តហោះដ្រូន មកលើតំបន់ Krasnodar ភាគខាងត្បូងប្រទេស បង្កការខូចខាត​ដល់ផ្ទះ​ជាច្រើន​ខ្នង រួម​ទាំងនៅក្រុងកំពង់ផែ Tuapse នៃសមុទ្រ​ខ្មៅផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អភិបាលតំបន់ លោក Veniamin Kondratyev និយាយថា ផ្ទះប្រជាពលរដ្ឋ ៣ខ្នងបាន​រង​ការ​ខូចខាត នៅទូទាំង​តំបន់ ប៉ុន្តែ​មិន​ទាន់​មាន​សេចក្តីរាយការណ៍ អំ​ពី​អ្នក​រង​របួស​នៅឡើយ​ទេ។ លោក Sergei Boiko ប្រធានសាលាក្រុង Tuapse បានឱ្យដឹងថា ផ្ទះ​មួយ​ខ្នង​នៅក្រុងកំពង់ផែ​ Tuapse ត្រូវ​​ឆាបឆេះប៉ុន្តែ​បាន​ពន្លត់ទាន់ពេល។ ប្រព័ន្ធការពារដែនអាកាស កំពុងស្ទាក់ចាប់ដ្រូននៅឡើយ។ ភ្លាមៗ គេនៅមិនទាន់ដឹងអំពីទំហំនៃការខូចនៅឡើយទេ។

តាមបណ្តាញព័ត៌មាន SHOT News Telegram របស់រុស្ស៉ី យន្តហោះដ្រូនអ៊ុយក្រែន ហាក់ដូចជាសំដៅមកកាន់កំពង់ផែ ហើយអ្នកស្រុកបានឮសំឡេងផ្ទុះប្រហែល ៤០លើក។ Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះដោយឯករាជ្យបានទេ ខណៈដែលអ៊ុយក្រែនមិនទាន់មានការឆ្លើយតប។

គួរបញ្ជាក់ថា Tuapse គឺជាទីនៃរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់រុស្ស៉ី នៅលើសមុទ្រខ្មៅ ដែលត្រូវបានកំណត់គោលដៅ ដោយដ្រូនអ៊ុយក្រែនជាច្រើនលើកមកហើយ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង៕