(ព្យុងយ៉ាង)៖ នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យកសាងកងទ័ពសម័យទំនើប ដែលរឹងមាំមួយ ដើម្បីអាចប្រយុទ្ធទប់ទល់ក្នុងសង្រ្គាមនានា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក គីម បានលើកឡើងបែបនោះ អំឡុងទស្សនកិច្ចទៅកាន់សាលាបណ្ឌិតសភាយោធាមួយកន្លែង។ បើតាម KCNA អំឡុងពេល​ទស្សនកិច្ច លោក គីម បានរិះគន់របៀបរបបគ្រប់គ្រង និងការធ្វើប្រតិបត្តិការមិនសូវល្អរបស់សាលា ដោយនិយាយថា វាបរាជ័យក្នុងការបំពេញតាមគោលដៅ របស់គណបក្សកាន់អំណាច ដែលចង់កសាងកងទ័ពរឹងមាំមួយ មានភាពទំនើបជឿនលឿន។

លោក គីម បានបង្គាប់ឱ្យសាលាធ្វើទំនើបកម្មកន្លែងសិក្សា និងពង្រឹងការអប់រំបន្ថែមទៀត ដោយផ្តោតលើការហាត់សមអនុវត្ត ដើម្បីឱ្យនិស្សិតអាចរៀនសូត្រ អំពីបទពិសោធជាក់ស្តែង នៃសង្រ្គាមសម័យទំនើប ហើយស្ទាត់ជំនាញ ក្នុងការប្រើប្រាស់សព្វាវុធ និងបរិក្ខារបច្ចេកទេសទំនើបៗ។ លោក គីម បានសង្កត់ធ្ងន់ថា ស្ថានការណ៍អន្តរជាតិបច្ចុប្បន្ន ទាមទារឱ្យកងកម្លាំងយោធា អាចប្រយុទ្ធទប់ទល់ដោយគ្មានបញ្ហា នៅក្នុងសង្រ្គាមនានា។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានបញ្ជូនកងទ័ពខ្ទង់ម៉ឺននាក់ ទៅកាន់ប្រទេសរុស្ស៉ី ដើម្បីជួយគាំទ្រទីក្រុងមូស្គូ ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ ក្រុមមន្រ្តីកូរ៉េខាងត្បូង បានព្រមានថា កូរ៉េខាងជើងអាចបានអត្ថប្រយោជន៍ ពីការផ្គត់ផ្គង់កងទ័ព និងអាវុធឱ្យទៅរុស្ស៉ី ដោយទទួលបានបទពិសោធ និងការយល់ដឹងច្បាស់ តាមរយៈការធ្វើប្រតិបត្តិការជាក់ស្តែង នៅលើសមរភូមិនៃសង្រ្គាមសម័យទំនើប។ ទោះជាបែបនេះក្តី ទីក្រុងកៀវបានអះអាងថា កងទ័ពកូរ៉េខាងជើង បានរងការខាតបង់ធ្ងន់ធ្ងរនៅរុស្ស៉ី ដោយមានទាហានស្លាប់ ឬរបួសយ៉ាងហោច៣០០០នាក់ គិតត្រឹមខែមករា ឆ្នាំនេះ៕