(កៀវ)៖ យោងតាមការអះអាងរបស់អ៊ុយក្រែននិងរុស្ស៉ីនាថ្ងៃពុធនេះ ភាគីទាំងពីរបានប្រើប្រាស់ដ្រូនសរុបរាប់រយគ្រឿង វាយប្រហារតាមផ្លូវអាកាសដាក់គ្នាទៅវិញទៅមក ស្របពេលដែលសង្រ្គាមបានបន្តឈានចូលដល់ឆ្នាំទី៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
អ៊ុយក្រែន បានអះអាងថា រុស្ស៉ីបានបាញ់យន្តហោះដ្រូនចំនួន១៧៧គ្រឿង វាយប្រហារមកលើប្រទេសរបស់ខ្លួន ដោយជាលទ្ធផល បានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង២នាក់រងរបួស នៅតំបន់កៀវ។ រីឯនៅទីក្រុង Kharkiv មនុស្ស២នាក់ទៀត បានរងរបួស ហើយដ្រូនក៏បានបាញ់ចំអគារស្នាក់នៅមួយខ្នងកម្ពស់៩ជាន់ ផងដែរ។ ចំណែក ក្រុមហ៊ុនថាមពល DTEK បានប្រាប់ថា ស្ថានីយ១កន្លែងរបស់ខ្លួន នៅតំបន់ Dnipropetrovsk បានរងការខូចខាត ដោយសារការវាយប្រហាររបស់រុស្ស៉ី។
ដោយឡែក ខាងរុស្ស៉ីឯណោះវិញ បានរាយការណ៍ថា កងកម្លាំងការពារដែនអាកាសរបស់ខ្លួន បានបាញ់ស្កាត់យន្តហោះដ្រូនអ៊ុយក្រែនសរុប ១២៨គ្រឿង នៅលើតំបន់ផ្សេងៗនៃប្រទេសរុស្ស៉ី ដែលភាគច្រើននៅលើតំបន់ Krasnodar។ បើតាមអាជ្ញាធររុស្ស៉ី លំនៅដ្ឋានប៉ុន្មានខ្នង បានរងការខូចខាត អំឡុងការវាយប្រហាររបស់អ៊ុយក្រែន ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ អំពីមនុស្សរងគ្រោះថ្នាក់ស្លាប់ ឬរបួសនៅឡើយទេ។
គួរបញ្ជាក់ថា ការវាយប្រហារដ្រូនរាប់រយគ្រឿងដាក់គ្នាទៅវិញទៅមកនេះ កើតមានឡើងស្របពេលដែលសង្រ្គាមរវាងភាគីទាំងពីរ បានឈានចូលដល់ឆ្នាំទី៤ ក្រោយផ្ទុះឡើងដំបូងកាលពី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយសហរដ្ឋអាមេរិក កំពុងព្យាយាមប្រឹងប្រែងជំរុញឱ្យអ៊ុយក្រែននិងរុស្ស៉ី បញ្ឈប់ការប្រយុទ្ធគ្នា៕