(ឡុងដ៏)៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក David Lammy បាននិយាយថា អឺរ៉ុបគួរតែឈានពីការបង្កទ្រព្យសម្បត្តិរុស្ស៉ី ទៅដល់ការរឹបអូសយក ខណៈការអត្ថាធិប្បាយបែបនេះ ហាក់បង្ហាញពីគោលជំហររបស់ចក្រភពអង់គ្លេស ជុំវិញរបៀបដែលលោកខាងលិច គួរចាត់ចែងលើទ្រព្យសម្បត្តិដែលត្រូវបានបង្កក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៥។

ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានអ៊ុយក្រែន នៅឆ្នាំ ២០២២ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានផ្អាកប្រតិបត្តិការផ្ទេរប្រាក់ ទៅកាន់ធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ី។ លុយដែលត្រូវបានបង្កកមាន ៣០០ទៅ ៣៥០ពាន់លានដុល្លារ ហើយភាគច្រើនទុកនៅធនាគារកណ្តាលអឺរ៉ុប។

លោក Lammy បានប្រាប់សភាថា «អឺរ៉ុបត្រូវតែធ្វើសកម្មភាពឱ្យបានឆាប់រហ័ស ហើយខ្ញុំជឿថា យើងគួរតែប្តូរ ពីការបង្កកទ្រព្យសម្បត្តិ ទៅជាការរឹបអូស។ វាមិនមែនជាបញ្ហាដែលរដ្ឋាភិបាលណាមួយ អាចធ្វើសកម្មភាពតែម្នាក់ឯងបានទេ។ យើងត្រូវតែធ្វើសកម្មភាពជាមួយសម្ព័ន្ធមិត្តអឺរ៉ុប»

គួរបញ្ជាក់ថា មេដឹកនាំអ៊ឺរ៉ុប ចង់ប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៉ី ដែលត្រូវបានបង្កកយកមកជួយអ៊ុយក្រែន កសាងប្រទេសឡើងវិញ ប៉ុន្តែមិនទាន់ឈានដល់កិច្ចព្រមព្រៀងមួយ ដែលអាចៀសវាងបញ្ហាប្រឈមផ្លូវច្បាប់ ខណៈដែលជម្រើសជាច្រើន កំពុងស្ថិតក្រោមការពិចារណា៕