(ប៉ារីស)៖ កាលពីថ្ងៃពុធ ទី៥ ខែមីនា រដ្ឋាភិបាលបារាំង បានឱ្យដឹងថា ប្រធានាធិបតីបារាំង លោក Emmanuel Macron កំពុងតែពិចារណាលើដំណើរបំពេញទស្សនកិច្ចរួមគ្នា ទៅកាន់សហរដ្ឋអាមេរិក ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យរដ្ឋាភិបាលបារាំង បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំមួយនៃគណៈរដ្ឋមន្រ្តីបារាំង យ៉ាងដូច្នេះថា «ពេលនេះ កំពុងតែមានការពិចារណា អំពីលទ្ធភាពលោកប្រធានាធិបតី Macron ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៉ីនតោនម្តងទៀត ជាមួយនិងលោកប្រធានាធិបតី ហ្សេលេនស្គី ព្រមទាំងសមភាគីអង់គ្លេស គឺលោកនាយករដ្ឋមន្រ្តី Starmer»។ បើតាមអ្នកនាំពាក្យ ដំណើរទស្សនកិច្ចរួមគ្នានេះ មានគោលដៅបម្រើជាកិច្ចប្រឹងប្រែងផ្នែកការទូត ដើម្បីជួយជំរុញដំណើរឆ្ពោះទៅបិទបញ្ចប់ សង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន។
គួរបញ្ជាក់ថា ពេលថ្មីៗកន្លងទៅនេះ មេដឹកនាំនៃប្រទេសទាំង៣ ទើបតែបានធ្វើទស្សនកិច្ចដាច់ដោយឡែកពីគ្នាទៅកាន់វ៉ាស៉ីនតោន ដើម្បីជួបពិភាក្សាជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីជជែកអំពីបញ្ហាសង្រ្គាមនៅអ៊ុយក្រែន។ យ៉ាងណាមិញ អំឡុងទស្សនកិច្ចរបស់លោក ហ្សេលេនស្គី ជម្លោះពាក្យសម្តីយ៉ាងភ្ញាក់ផ្អើល បានកើតមានឡើង រវាងលោកប្រធានាធិបតីអ៊ុយក្រែន ហើយនិងលោក ត្រាំ ព្រមទាំងអនុប្រធានាធិបតីអាមេរិក លោក JD Vance។ ឥឡូវនេះ អាមេរិកកំពុងផ្អាកជំនួយយោធានានាសម្រាប់អ៊ុយក្រែនជាបណ្តោះអាសន្ន៕