(សេអ៊ូល)៖ តុលាការក្រុងសេអ៊ូល បានលុបចោលដីកាចាប់ខ្លួនអតីតប្រធានាធិបតី Yoon Suk Yeol នៅថ្ងៃសុក្រនេះ ដោយបើកផ្លូវសម្រាប់លទ្ធភាពដែលលោកអាចនឹងត្រូវដោះលែងពីពន្ធនាគារ ខណៈដែលលោកកំពុងប្រឈមមុខនឹងការកាត់ទោសពីបទញុះញង់ឱ្យមានការបះបោរ ទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹកក្នុងរយៈពេលខ្លីមួយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តុលាការបានបញ្ជាក់ថា ការសម្រេចចិត្តនេះផ្អែកលើកត្តាពេលវេលានៃការចោទប្រកាន់ ដែលកើតឡើងបន្ទាប់ពីរយៈពេលឃុំខ្លួនដំបូងបានផុតកំណត់ និងភាពមិនប្រក្រតីនៃនីតិវិធីស៊ើបអង្កេតដែលធ្វើឡើងដោយភ្នាក់ងារពីរផ្សេងគ្នា។ ទោះជាយ៉ាងណា ការសម្រេចនេះមិនបានទម្លាក់ចោលបទចោទព្រហ្មទណ្ឌ ដែលនាំឱ្យមានការចាប់ខ្លួនលោកកាលពីថ្ងៃទី ១៥ ខែមករានោះទេ ហើយក៏មិនប៉ះពាល់ដល់បណ្តឹងចោទប្រកាន់មួយទៀត នៅតុលាការធម្មនុញ្ញដែរ។
ក្រុមមេធាវីរបស់លោក Yoon បានស្វាគមន៍សេចក្តីសម្រេចនេះ ដោយចាត់ទុកថាជាភស្តុតាងបញ្ជាក់ថាករណីនេះមានចរិតនយោបាយ។ ពួកគេបានអំពាវនាវឲ្យមានការដោះលែងលោក Yoon ជាបន្ទាន់ ទោះដឹងថាអាចមានបណ្តឹងឧទ្ធរណ៍ពីរដ្ឋអាជ្ញាក៏ដោយ។
ការប្រកាសសាលក្រមនេះ បានបង្កឲ្យមានការប្រមូលផ្តុំទាំងអ្នកគាំទ្រ និងអ្នកប្រឆាំងលោក Yoon នៅទីក្រុងសេអ៊ូល។ ក្រុមមេធាវីការពារក្តីបានអះអាងថា ដីកាចាប់ខ្លួនមានកំហុសនីតិវិធី ហើយការិយាល័យស៊ើបអង្កេតអំពើពុករលួយ មិនមានសិទ្ធិអំណាចស៊ើបអង្កេតលើបទចោទពីបទញុះញង់ឲ្យមានការបះបោរនោះទេ៕